ព័ត៌មានជាតិ

លុចស៊ីសស៊េរីទំនើប 570 សង្ស័យរបស់អ្នកធំ ប៉ះគ្នាជាមួយរថយន្តសណ្ដោង លោកអធិការរងចរាចរណ៍ខណ្ឌសែនសុខ ចង់លាក់ព័ត៌មានពីអ្នកកាសែត….

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង១៥នាទីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសណ្ដោង ប៉ះគ្នាជាមួយរថយន្តលុចស៊ីស ៥៧០។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តសណ្ដោងដឹកទំនិញ ស្លាកលេខ ពោធិ៍សាត់ 3A-1160 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវហាណូយ។ មកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅប៉ះរថយន្តស៊េរីទំនើប លុចស៊ីស ៥៧០ ស្លាកលេខ ភ្នំពេញ 2K-7227។

ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់នោះទេ គ្រាន់តែបណ្ដាលឲ្យរថយន្តទំនើប ខូចខាតទ្វារខាងក្រោយយ៉ាងដំណំ។

ក្រោយកើតហេតុ ភាគីទាំងពីរ បានចរចាគ្នា ដោយខាងម្ចាស់រថយន្តសណ្ដោង ព្រមយករថយន្តស៊េរីទំនើបទៅជួសជុលឡើងវិញ ដើម្បីបញ្ចប់រឿង។

សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទៅសួរនាំលោកអធិការរងទទួលផ្នែកចរាចរណ៍ខណ្ឌសែនសុខ ដើម្បីចង់បានព័ត៌មានលម្អិត ប៉ុន្តែលោកហាក់បីដូចជា ចង់លាក់បាំងព័ត៌មាន សង្ស័យម្ចាស់រថយន្តស៊េរីទំនើបខាងលើ ជាអ្នកធំហើយ ទើបមិនហ៊ានផ្ដល់ព័ត៌មានដល់អ្នកកាសែត។

យ៉ាងណាមិញ ភ្នាក់ងារយើងសូមសំណូមពរដល់លោក ហូ ម៉េងវ៉ាង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ មេត្តាជួយមើលមន្ត្រី ក្រោមឱវាទរបស់លោកផង ព្រោះអ្នកកាសែតចង់បានព័ត៌មានពិត ដើម្បីធ្វើការផ្សាយឲ្យមហាជនបានដឹង៕

មតិយោបល់