ព័ត៌មានជាតិ

Update៖ ផ្អើលមនុស្សភ័យស្លន់ស្លោ រត់ទៅផ្ដាច់ខ្សែភ្លើង ខណៈបុរសម្នាក់បាត់មាត់ឈឹង

ភ្នំពេញ: បុរសម្នាក់ឆ្លៀតពេលទំនេរពីការងារ តរាយខ្សែភ្លើងយកទៅឆក់ត្រីខាងក្រោយផ្ទះ មិនប្រយ័ត្ន ក៏ឆ្លងចរន្តឆក់ខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ទៅវិញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅត្រពាំងទឹក ក្រោយផ្ទះក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ឌី ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះតរាយខ្សែភ្លើងចេញពីផ្ទះ ជាប់នោះ ចុះទៅក្នុងត្រពាំងទឹក ឆក់ត្រី តែខុសបច្ចេកទេស បណ្តាលឲ្យឆ្លងចរន្តឆក់ខ្លួនឯង រងរបួសធ្ងន់ធ្ងរ។

ភ្លាមៗនោះ ត្រូវបានអ្នកក្បែរខាងរត់ទៅផ្តាច់ខ្សែចរន្តភ្លើងចោល នាំគ្នាផ្អើលឆោឡោ លើកជនរងគ្រោះឡើងគោក កប់ដីខ្សាច់ ក្រោយមកក៏ដឹកតាមរថយន្តផ្ទាល់ខ្លួន យកទៅមន្ទីរពេទ្យ ។

តាមមតិប្រជាពលរដ្ឋ បានលើកឡើងថា ជារឿយៗ ករណីនេសាទត្រីដោយប្រើឧបករណ៍ឆក់ត្រី ដែលបង្កគ្រោះថ្នាក់ដល់ខ្លួន ដឹងហើយ ឮហើយ នៅតែមានអ្នកប្រព្រឹត្តិបែបនេះ៕

មតិយោបល់