ព័ត៌មានជាតិ

អាជ្ញាធរក្រុងព្រមានដកសិទ្ធិពីក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវអមសងខាងប្រឡាយបឹងត្របែក

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្សបានធ្វើការព្រមានថានឹងដកសិទ្ធិទាំងអស់ពីក្រុមហ៊ុនទទួលម៉ៅការចាក់ស៊ីផាយនិងស្ថាបនាផ្លូវអមសងខាងប្រឡាយបឹងត្របែក បើក្រុមហ៊ុនមួយនេះនៅតែមានភាពយឺតយ៉ាវ ក្នុងការស្ថាបនាដោយខ្លាចនេះខ្លាចនោះមិនចេះចប់នោះ។

ការព្រមានបែបនេះរបស់លោក ប៉ា សុជាតិវង្ស ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ កក្កដាឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំពិនិត្យដោះស្រាយផលប៉ះពាល់ការស្តារនិងបុកស៊ីផាយប្រឡាយបឹងត្របែក ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌចំការមន មន្ទីរពាក់ព័ន្ធនិងក្រុមហ៊ុនទទួលសិទ្ធិក្នុងការស្ថាបនាគម្រោងនេះផងដែរ។

លោក ប៉ា សុជាតិវង្ស បានបន្តថា ក្នុងនាមជាក្រុមហ៊ុនដែលបានទទួលសិទ្ធិពីសាលារាជធានីភ្នំពេញ គឺគិតតែម្យ៉ាងគត់ គឺការស្ថាបនាឲ្យបានលឿនទៅតាមគម្រោង មិនមែនចេះតែខ្លាចនេះខ្លាចនោះមិនចេះចប់នោះទេ។ ចំពោះផលប៉ះពាល់ គឺអាជ្ញាធរគេជាអ្នកដោះស្រាយ ក្រុមហ៊ុនដឹងតែពីធ្វើទៅ។ លោកក៏បានបញ្ជាក់ផងដែរថា បើក្រុមហ៊ុនធ្វើមិនកើតទេឈប់ទៅសាលារាជធានីភ្នំពេញនឹងរកក្រុមហនថ្មីមកជំនួសវិញ ដោយហេតុថា ការងារនេះត្រូវតែលឿន បើយើងអនុវត្តការងារនេះមិនបានលឿងទេ យើងមិនមានទឹកគ្រប់គ្រាន់សម្រាប់ស្ថានីយថ្មីដែលបាននឹងកំពុងស្ថាបនាស្ទើរតែជិតរួចរាល់ទៅហើយនោះទេ។

គម្រោងស្តារប្រឡាយ រួមទាំង ការបុកស៊ីផាយធ្វើជញ្ជាំងប្រឡាយនិងផ្លូវបេតុងអមប្រឡាយបឹងត្របែកចាប់ពីផ្លូវលេខ៤៨៨ដល់ស្ថានីបូមទឹកបឹងត្របែកប្រវែង៩៧៥ម៉ែត្រ មានទទឹង៥ម៉ែត្រសងខាង។

បើតាមការឲ្យដឹងពីអាជ្ញាធរខណ្ឌចំការមនបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់ នៅតំបន់ប៉ះពាល់នេះត្រូវបានចែកចេញជា៣តំបន់។តំបន់A ជាតំបន់ដែលបងប្អូនរស់នៅតាមមាត់ប្រឡាយមានចំនួន៣១៥ខ្នងផ្ទះ តំបន់B ជាតំបន់ដែលប្រជាពលរដ្ឋរស់នៅមាត់បឹងមានចំនួន១២៣ខ្នងផ្ទះ និងតំបន់Cជាតំបន់ក្នុងបឹងដែលមានផ្ទះ និងមិនមានផ្ទះត្រូវបានគេចាប់យកធ្វើកម្មសិទ្ធផ្ទាល់ខ្លួនមាន២៣៨ខ្នងផ្ទះនិងក្បាលដី សរុបមាន៦៧៦ខ្នងផ្ទះនិងក្បាលដី។ជាមួយគ្នានេះ អាជ្ញាធរក៏បានសម្តែងពីការខកចិត្តយ៉ាងខ្លាំងផងដែរចំពោះការរំលោភបឹងត្របែកដែលជាបឹង និងជាប្រឡាយបង្ហូរទឹកដ៏សំខាន់នៅប៉ែក ខាងត្បូងរាជធានីភ្នំពេញពីអ្នកមានបុណ្យសក្ត័មួយចំនួនដែលកំពុងតែធ្វើជាគំរូអាក្រក់ និង ជាការលើកទឹកចិត្តដល់សកម្មភាពរំលោភបំពានលើប្រឡាយបង្ហូរទឹកនេះ។

អាងស្តុកទឹក និងប្រឡាយបឹងត្របែកខាងជើង និងខាងត្បូងដែលមានទំហំជាង៣០ហិកតា ត្រូវបានគេ ចាក់ដីរំលោភយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួននៅសល់មិនដល់១០ហិកតាផងមកដល់ពេលនេះ ផ្ទៃបឹងត្រូវបានគេចាក់ដីសង់សំណង់ផ្សេងៗ,រីឯផ្ទៃបឹងដែលនៅក្នុងទឹកត្រូវបានគេបោះ បង្គោលអង្កន់ជាឡូត៏រំលោភយកដោយមិនមានការកោតក្រែង និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់អាងស្តុកទឹក និងប្រពន្ធ័ប្រឡាយបង្ហូរទឹកដ៏សំខាន់១នេះនៅពេលផ្ទៃបឹងកាន់តែរួមតូច និងកាន់តែគោករាក់ជាបន្តបន្ទាប់។

ដើម្បីទប់ស្កាត់នៅបញ្ហានេះទើបអាជ្ញាធររាជធានី ធ្វើការស្តារ បុកស៊ីផាយធ្វើជញ្ជាំងប្រឡាយនិងផ្លូវបេតុងអមប្រឡាយបឹងត្របែកចាប់ពីផ្លូវលេខ៤៨៨ដល់ស្ថានីបូមទឹកបឹងត្របែកប្រវែង៩៧៥ម៉ែត្រ មានទទឹង៥ម៉ែត្រសងខាង ។ការអនុវត្តគម្រោងនេះឡើងវាមិនត្រឹមតែទប់ស្កាត់ការរំលោភបឹងត្របែកបន្តទៀតប៉ុណ្ណោះទេ តែវាបាន ធ្វើឲ្យផ្លូវទឹកហូរបានលឿន និងសម្រួលដល់ប្រពន្ធ័ផ្លូវអមសងខាងប្រឡាយក្នុងការធ្វើចរាចររបស់ប្រជាពលរដ្ឋនិងងាយស្រួលក្នុងការ ដាក់គ្រឿងចក្រចុះស្តារប្រឡាយនេះនៅពេលអនាគតថែមទៀតផង៕

មតិយោបល់