ព័ត៌មានជាតិ

មន្ត្រីរាជការក្រសួងផ្នែកហិរញ្ញវត្ថុម្នាក់ បើករថយន្តចុះទូកមិនប្រយ័ត្ន ធ្លាក់ចូលទន្លេបណ្ដាលឲ្យស្រ្តីចំណាស់ម្នាក់ឈ្លក់ទឹកស្លាប់

កណ្ដាលៈ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ១០នាទីយប់ មាកករណីរថយន្តបើកចុះទូកបណ្ដាលឲ្យធ្លាក់ចូលទៅក្នុងទឹក ត្រង់ចំណុចកំពង់ចម្លងផ្សារស្អាងព្រែកតូច ស្ថិតភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះចំនួន ៤នាក់៖
១/ឈ្មោះ ម៉ា ពន្លក ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មន្ត្រីរាជការក្រសួងផ្នែកហិរញ្ញវត្ថុ មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
២/ឈ្មោះ កិច ទៀង ភេទស្រី អាយុ ៧១ ឆ្នាំ រស់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ស្លាប់)។
៣/ឈ្មោះ ពៀ អៀម ភេទស្រី អាយុ ៧០ ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។
៤/ឈ្មោះ អឿន វីន ភេទប្រុស អាយុ ៣៦ ឆ្នាំមុខរបរ បើកទូកដរ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក តូយូតាហៃយ៉ាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-9542 ដឹកមនុស្សចំនួន៨នាក់ចេញពីព្រះវិហារចិនទៅឆ្លងដរផ្សារស្អាងព្រែកតូច គោលបំណងត្រឡប់ទៅផ្ទះនៅក្រុងតាខ្មៅតាមផ្លូវជាតិលេខ២១ ខណៈមកដល់កំពង់ចម្លងបានរង់ចាំទូកដរ ដោយមានអ្នកដំណើរមួយចំនួនចុះពីរថយន្ត តាមបំរាមនិងការណែនាំរបស់ម្ចាស់ទូក ប៉ុន្តែមានអ្នកដំណើរ២នាក់មិនបានចុះទេ បន្ទាប់មករថយន្តក៏បើកចុះផែឡើងទូកស្រាប់តែជាន់ក្រែជ្រុលទៅប៉ះកម្មករបើកទូកដរកំពុងស៊ីញ៉ូរថយន្ត ធ្លាក់ចូលទឹកទាំងមនុស្សនិងរថយន្តតែម្ដង រំពេចនោះម្ចាស់ទូកនិងអ្នកស្រុកនាំគ្នាមុជទឹកចុះជួយសង្គ្រោះបានមនុស្ស២នាក់ ចំណែកឈ្មោះ កិច ទៀងទម្រាំសង្គ្រោះបានក៏ឈ្លួកទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ចំណែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ ខណៈប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់