ព័ត៌មានជាតិ

តុលាការឃុំខ្លួនជនបង្កផឹក​ ABC ៦កំប៉ុង​ បង្ក​​សោកនាដកម្ម​ស្លាប់​មនុស្ស​៣នាក់

កណ្ដាលៈ បុរស​ម្នាក់​សារភាព​ថា​ គាត់​បាន​ផឹក​ស្រា​បៀរ​ ABC អស់​៦កំប៉ុង​​ រួច​បើក​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ក៏​ជ្រុល​បុក​ម៉ូតូ​មួយ​គ្រឿង ​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៣នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​ ​ទីបំផុតជនបង្ក​ ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល​ សម្រេច​ឃុំ​ខ្លួន​ដាក់​បណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​។

មន្ត្រី​តុលាការ​បញ្ជាក់​ថា​ ជនបង្ក​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៧ ត្រូវ​បាន​លោក​ ទី​ សំណាង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​ ដាក់​ពន្ធនាគារ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទបើកបរ​ធ្វេសប្រហែស ​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ តាម​មាត្រា​៨៥​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​ កើតឡើងកាលពីវេលាម៉ោង១១និង៣០​ យប់ថ្ងៃទី១០ ខែ​មករា ឆ្នាំ​២០១៧ នៅលើផ្លូវជាតិលេខ៤ ត្រង់​ចន្លោះគីឡូម៉ែត្រ លេខ២៤និង២៥ ក្នុងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល។

សមត្ថកិច្ច​បញ្ជាក់​ថា​ មុន​កើត​ហេតុ​ មានរថយន្តមួយគ្រឿងម៉ាក ប៊ិឡាញ ពណ៌ស ពាក់ស្លាក​លេខ ព្រះសីហនុ ៣A-១២០៣ របស់ក្រុមហ៊ុនហុងលីហួ បើកបរ​ដោយឈ្មោះ កួន វិចិត្ត ភេទប្រុស អាយុ៤២ រស់នៅភូមិដូនកែវ ឃុំសែនដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមដំណើរដោយឈ្មោះ មុំ វលក្ខ័ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិតាពៅ ឃុំតាពៅ ស្រុកវ៉ារិន ខេត្តសៀមរាប បានបើកកបរ រថយន្តមកពីទិសខាងកើតទៅទិសខាងលិច។ លុះដល់ចំណុច​កើត​ហេតុ​ បានវ៉ាជែង រថយន្តមួយ​គ្រឿងផ្សេងទៀត ក៏ជ្រុលទៅបុកម៉ូតូ​មួយ​គ្រឿង​ម៉ាកMSX ពណ៌ខ្មៅបើកបរដោយឈ្មោះ លី ណារ៉ុង ភេទប្រុស អាយុ២៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ឌុបឈ្មោះ តូ រ៉ូ ប្រុសអាយុ២១ឆ្នាំ (ស្លាប់)​ ឈ្មោះ ឃឿន រ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ (ស្លាប់)​ ។ បន្ទាប់មករថយន្ត ជ្រុលទៅបុកបង្គោលខ្សែភ្លើង របស់ EDC បណ្តាលដាច់ខ្សែភ្លើងនិងប្រេះបង្គោលភ្លើង។

សមត្ថកិច្ច​បន្ថែម​ថា​ ករណីនេះបណ្ដាលមកពីអ្នកបើកបរថយន្តបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់នៅទីប្រជុំជន។

ជនបង្ក​ឈ្មោះ​ កួន​ វិចិត្ត​ ជា​ជនបង្ក​សារភាព​ថា​ ខ្លួន​បានហូបABCអស់៦កំប៉ុង​ ទើប​បើក​បរ​គ្រប់គ្រង​ស្មារតី​មិន​បាន​៕

មតិយោបល់