ព័ត៌មានជាតិ

ស្ត្រីម្នាក់ ចាញ់បោកក្រុមចោរទម្លាក់យោង យកលុយ និងគ្រឿងអលង្ការអស់ពីខ្លួនរលីង

ភ្នំពេញ: ស្ត្រីវ័យចំណាស់ម្នាក់ ហេតុតែឆោតល្ងង់ ចាញ់ល្បិចក្រុមចោរទម្លាក់យោង អស់លុយកាក់ និងគ្រឿងអលង្ការ ទូរស័ព្ទពីខ្លួនរលីង រកតែមួយរៀលជិះម៉ូតូឌុប ទៅប្តឹងប៉ូលិសមិនបានផង។

ហេតុការណ៍នេះ បានលកើតទ្បើងកាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ តាមផ្លូវលំក្នុងភូមិត្រពាំងទា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ឆិល ចាន់ដារ៉ា អាយុ៤០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ៣ជាន់ ភូមិព្រៃព្រីងជើង ជាស្រីម៉េម៉ាយ មានកូន២នាក់ (ប្រុស១នាក់) ស្នាក់នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិត្រពាំងថ្នល់ ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ។

សម្ភារ:បាត់បង់ ចិញ្ចៀនត្រា មាសទម្ងន់៣ជី ក្រវិលមាស៥ហ៊ុន លុយ២០០ដុល្លារ ទើបបើកបានថ្មីៗ លុយខ្មែរមួយចំនួន ទូរស័ព្ទដៃoppo មួយគ្រឿង ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ម្សិលមិញ គ្រាដែលចេញពីធ្វើការរោងចក្រ ដើរឆ្ពោះទៅផ្ទះជួល បានជួបស្ត្រីសង្ស័យម្នាក់ ដើរមកសាកសួរ រឿងកញ្ចប់លុយ មាស ហើយល្បួងនាំទៅចែកគ្នា ជាមួយក្រុមជនសង្ស័យ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជិះម៉ូតូ២គ្រឿង ទៅដល់ចំណុចតាមផ្លូវលំ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ដោះដូរយកគ្រឿងអលង្ការ លុយកាក់ ទូរស័ព្ទ បានសម្រេចហើយ ហុចកញ្ចប់ក្រហមមួយឲ្យកាន់ រួចក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូគេចទៅបាត់អស់ ។

ក្រោយពីដឹងថា ចាញ់បោកគេហើយ ស្ត្រីរងគ្រោះ បានសុំម៉ូតូគេជិះ វិលត្រឡប់មកផ្ទះជួលវិញ ដោយមិនដឹងថា ទៅប្តឹងសុំការអន្តរាគមន៍ នៅប៉ុស្តិ៍ប៉ូលិសខាងណា រហូតដល់ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ៣ លុះនគរបាលសាកសួរ ទើបដឹងរឿងហេតុ ប្រាប់ឲ្យទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ត្រពាំងក្រសាំងវិញ ជាកន្លែងកើតហេតុ ៕

មតិយោបល់