ឧត្តរមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោមបទបញ្ជា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងនគរបាលជំនាញបានស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែននៅភូមិសាស្ត្រខេត្តខេត្តឧត្តរមានជ័យ រហូតចាប់បានមេខ្លោងជួញដូរចំនួន២នាក់ ជាជនជាតិថៃ ព្រមទាំងរឹបអូសថ្នាំញៀនបានជិត ៨គីឡូក្រាម ។
ប្រតិបត្តិការខាងលើ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០១៩ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន «ក៩» បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីថៃមកកម្ពុជា (ឆ្លងកាត់តាមច្រកព្រំដែនអូស្មាច់) ដោយមានការចូលរួមសហការពីកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត នៅចំណុច ផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ត ឧត្ដរមានជ័យ។
ជនសង្ស័យទាំង២នាក់ ដែលឃាត់បានរួមមាន៖ទី១-ឈ្មោះ ប្រាក់ ស៊ុប ជនជាតិថៃ អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ ទី២-ឈ្មោះ ណាត ថាភុន អាយុ៤២ឆ្នាំ ជនជាតិថៃ មុខរបរ ជាងជួសជុលរថយន្ត រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ ។
ដោយឡែកវត្ថុតាង ជាសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ០៨ ដុំ ធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦ក្រាម និងរថយន្ត០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿង បន្តទៅតុលាការតាមនីតិវិធី៕
មតិយោបល់