ព័ត៌មានជាតិ

ឃាត់ខ្លូនប៉ាគីស្ថាន២នាក់ លាក់ខ្លួនជួញដូរមនុស្សនៅ ផ្ទះសំណាក់ កាពីតូល

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានចុះប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យបីនាក់ ក្នុងនោះមាន ជនជាតិប៉ាគីស្ថាន ២នាក់និងម្នាក់ទៀតជនជាតិខ្មែរ ពាក់ព័ន្ធករណីជួញដូរ មនុស្ស(នាំនារីៗ ទៅប្រទសប៉ាគីស្ថាន)។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឃាត់ខ្លួនជនជាតិប៉ាគីស្ថានម្នាក់ និងនារីរងគ្រោះចំនួន៣នាក់ ដែលកំពុង ជិះម៉ូតូកង់បី រហតូដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបន្តចុះ មកផ្ទះសំណាក់ កាពីតូល តាមបណ្ដោយផ្លូវ១០៧ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ឃាត់ខ្លួន បក្សពួករបស់ជនសង្ស័យ បានម្នាក់ទៀត ដែល ជាជនជាតិប៉ាគីស្ថាន និងនារីជនរងគ្រោះ ចំនួន៣នាក់និងប្រុសម្នាក់ បន្ថែមទៀត។

នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះNIAZ AHMED ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ FX១១៦០១៦១ និងមុខរបរលក់ស្បែកជើង។ និងទី២ឈ្មោះ YAZEF AHMED ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ AA២០៦៣៣១២ និងមុខរបរផ្នែកទីផ្សារ លក់កុំព្យូទ័រ។ ទី៣ ឈ្មោះ បិន ញ៉ ភេទស្រី អាយុ៧២ឆ្នាំ ជនជាតិខ្មែរ ត្រូវឃាត់ខ្លួន នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះដែរ នៅចំណុច ឃុំរការព៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយកម្លាំង ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយស្នងការដ្ឋាន នគរបាល ខេត្តត្បូងឃ្មុំ នាំមកសួរនាំ នៅការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន។

នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបន្តឲ្យដឹងថា នៅមុនពេល ឈានដល់ ការឃាត់ខ្លួនជនសង្ស័យជនជាតិប៉ាគីស្ថាន ទាំង២នាក់ គឺកម្លាំងនគរបាលការិយាល័យជំនាញ ធ្វើការស្រាវជ្រាវ ឲ្យដឹងថា ជនសង្ស័យបាននាំរងគ្រោះចំនួន៤នាក់ ក្នុងនោះប្រុសម្នាក់ មកស្នាក់នៅផ្ទះសំណាក់ The Grey ក្នុងបន្ទុបលេខ២០៧ តាមបណ្ដោយផ្លូវ១១១ ក្នុងសង្កាត់បឹងព្រលឹត តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ ហើយជនសង្ស័យ បានយកសៀវភៅគ្រួសារ និងសៀវភៅស្នាក់របស់ជនរងគ្រោះ ទៅធ្វើលិខិតឆ្លងដែន(Passport) ដើម្បីនាំយកជនរងគ្រោះ ទៅតាមរថយន្តក្រុងទៅប្រទេសថៃ និងចេញពីប្រទេសថៃ តាមយន្តហោះទៅប្រទេសប៉ាគីស្ថាន បន្តនៅយប់ថ្ងៃទី២១ ខែសីហា តែដោយកម្លាំងនគរបាលការិយាល័យ ដឹងមុនចុះ ប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យជនជាតិប៉ាគីស្ថាន ទាំង២នាក់និងខ្មែរម្នាក់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលការិយាល័យ ឃុំខ្លួន បណ្ដោះអាសន្ន ដើម្បីកសាងសំណុំ រឿងចាត់ការតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះទាំង៤នាក់ ត្រូវបានកម្លាំង នគរបាលបញ្ជូនទៅ សង្គមកិច្ច ដើម្បីធ្វើការអប់រំ៕

https://www.youtube.com/watch?v=h9D-rBqNiyE&feature=youtu.be

photo_2016-08-22_10-49-15photo_2016-08-22_10-49-40photo_2016-08-22_10-49-36 photo_2016-08-22_10-49-40 photo_2016-08-22_10-49-50 photo_2016-08-22_10-49-53 photo_2016-08-22_10-49-57 photo_2016-08-22_10-50-00

មតិយោបល់