ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចរថយន្ត

ភ្នំពេញ: នៅវេលាម៉ោង៣ និង ៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ១១ ស្ថិតក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចរថយន្ត០១គ្រឿងម៉ាក HYUNDAI MIGHTY (ប្រភេទដឹកទំនិញ ២.៥តោន)ពណ៍ស ផលិតឆ្នាំ២០០៥ ។
ការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យខាងលើ គឺធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ខា ស្រីអូន ភេទស្រី អាយុ៣៧ឆ្នាំ ដែលបានបាត់រថយន្តដូចភិនភាគខាងលើកាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្រោយរោងចក្រកាណាឌីយ៉ា ម្តុំលក់ទឹកត្នោតជូរ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា រូបគេមានឈ្មោះ អែម ចាន់ឌី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នសា្នក់នៅបន្ទប់ជួល ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានលួចយករថយន្តខាងលើពិតប្រាកដមែនដោយធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ នៅពេលលួចបាន ខ្លួនបានយករថយន្តខាងលើមកផ្លុងចោលនៅដីទំនេរមួយកន្លែង ខាងកើតវត្តអង្គតាមិញ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់