ភ្នំពេញៈ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយ លោក កែវ សំណាង អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ ទីតាំងអាជីវកម្មមជ្ឈមណ្ឌលកំសាន្តសំរាប់កុមារ ហ្គេម វើលដ៏ ដែលស្ថិតនៅក្រោយស្ថានទូតអូស្ត្រាលីផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីបានត្រួតពិនិត្យរួចមកក្រុមការងារឃើញថា មានទូរហ្គេមបាញ់ត្រីចំនួន ៨គ្រឿង ដែលដាក់បង្កប់នៅក្នុងមជ្ឈមណ្ឌលកំសាន្ដនេះ ដូចនេះក្រុមការងារបានសម្រេចដកហូតទូរហ្គេមទាំងអស់នេះ មករក្សាទុកនៅសាលាខណ្ឌចំការមន និងនាំអ្នកពាក់ព័ន្ធចំនួន ១១នាក់ ដើម្បីមកសាកសួរព័ត៌មានបន្ថែម នៅសាលាខណ្ឌចំការមន ។
ចំពោះបញ្ហាពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានខណ្ឌចំការមន លោកអភិបាលខណ្ឌ នឹងចាត់វិធានការចុះបង្រ្កាបបន្តបន្ទាប់ទៀត។
សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋនៅកន្លែងកើតហេតុលួចខ្សឹបប្រាប់ Post News ថា កន្លែងនឹងបើកយូរមកហើយទើបសមត្ថកិច្ចអាជ្ញាធរដឹងចុះបង្រ្កាប អ្នកខ្លះដាក់ការសង្ស័យថា ក្រែងជំនាញដឹងហើយតែធ្វើមិនដឹង ទុកបណ្ដោយឲ្យបានយូរបន្តិច ស្រាប់តែដឹងដល់ថ្នាក់លើ មានបញ្ជាឲ្យចុះអនុវត្តន៍ភ្លាម អ្នកខ្លះបានមានមតិថា ធ្វើនេះគ្រាន់តែល្អមើល យកស្នាដៃបង្អួតថ្នាក់លើ៕
មតិយោបល់