ព័ត៌មានជាតិ

អាជ្ញាធរជំរុញឲ្យដាក់ម៉ាស៊ីនធ្វើអត្តសញ្ញាណប័ណ្ណនៅតាមផ្សារ និងភូមិ ដើម្បីផ្ដល់ភាពងាយស្រួលជូនពលរដ្ឋ

ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ និងថ្នាក់ដឹកនាំប៉ូលិសក្រសួងមហាផ្ទៃបានឯកភាពគ្នាលើការជំរុញឲ្យមន្ត្រីពាក់ព័ន្ធដាក់ម៉ាស៊ីនធ្វើអត្តសញ្ញាណប័ណ្ណនៅតាមផ្សារ និងភូមិ ដើម្បីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានលឿន ស្របពេលដែលប្រជាពលរដ្ឋដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីមានចំនួនដល់ទៅជាង១០ម៉ឺននាក់នោះ។

ការជំរុញបែបនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារធ្វើបច្ចុប្បន្នភាពស្ថិតិនិងអត្តសញ្ញាណប័ណ្ណនិងពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមនានា នៅសាលារាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើឡើងថា ការប្រជុំនេះធ្វើឡើងដើម្បីស្វែងរកចំណុចប្រឈមនានា ដែលធ្វើឲ្យការស្រង់ស្ថិតិប្រជាពលរដ្ឋមានភាពយឺតយ៉ាវ ដោយហេតុថា យើងនៅសល់តែមួយខែទៀតប៉ុណ្ណោះដល់ពេលចុះឈ្មោះបោះឆ្នោតហើយ ដូច្នេះទេការងារស្រង់ស្ថិតិនេះត្រូវបន្ថែមល្បឿនឲ្យបានលឿងជាងមុន។លោកប៉ា សុជាតិវង្សក៏បានបញ្ជាក់ផងដែរថា បើតាមការស្រង់ស្ថិតិនៅតាមបណ្តាខណ្ឌទាំង១២ គឺនៅមានខណ្ឌមួយចំនួន ការធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាពលរដ្ឋនៅមិនទាន់បាន៥០%នូវឡើយទេ ហើយបើសរុបជារួមនៅក្នុងរាជធានីភ្នំពេញគឺយើងទើប តែធ្វើ បច្ចុប្បន្នភាពស្ថិតិប្រជាពលរដ្ឋបាន៦០%ប៉ុណ្ណោះ ដែលជាពេលវេលាមួយដែលយើងត្រូវរត់ប្រណាំងហើយ។

លោក ប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំនោះក៏បានបញ្ជាឲ្យមន្រ្តីប៉ូលិស សង្កាក់ខណ្ឌ ត្រូវយកម៉ាស៊ីនធ្វើអត្តសញ្ញាណប័ណ្ណចល័តនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជន តាមទីផ្សារនិងនៅក្នុងបុរីជាដើមដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការមកបំពេញបែបបទនៃការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីនេះ ដោយហេតុថាការងារនេះមិនអាចបណ្តែតបណ្តោយទៀតនោះទេ ។ប៉ុន្តែមុននៃការយកម៉ាស៊ីនចល័តនេះទៅដាក់នៅកន្លែងណាមួយអាជ្ញាធរ ភូមិ សង្កាត់ខណ្ឌត្រូវផ្តល់ដំណឹងឲ្យប្រជាពលរដ្ឋបានដឹងជាមុន ដើម្បីឲ្យពួកគាត់បានត្រៀមខ្លួន ហើយការងារនេះដាច់ខាតកុំចោលយុវជន គឺត្រូវឲ្យពួកគាត់ចូលរួមបំពេញការងារនេះ ម្យ៉ាងក៏ដើម្បីឲ្យពួកគាត់មានបទពិសោធន៍ក្នុងការងារផងដែរ។ លោកអភិបាលក៏បានបញ្ជាក់បន្ថែមទៀតថា ចំពោះ៤៤ភូមិ ស្មើនឹង៤សង្កាត់ដែលត្រូវកាត់ចេញដើម្បីបង្កើតថ្មី នៅក្នុងខណ្ឌឬស្សីកែវ ខណ្ឌសែន សុខ ខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យ ត្រូវជម្រុញការងារនេះឲ្យបានលឿន ទាំងការជ្រើសរើសមេភូមិនិងចៅសង្កាត់ ធ្វើយ៉ាងណាឲ្យបានរួចរាល់នៅមុនពាក់កណ្តាលខែ សីហា ឆ្នាំ២០១៦នេះ។

លោកនាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងដែរថា សម្រាប់អត្តសញ្ញាណប័ណ្ណគំរូថ្មីនេះ នៅមានប្រជាពលរដ្ឋប្រមាណ១៧មុឺននាក់មិនទាន់មាននៅឡើយទេ ក្នុងនោះមានចំនួន៣មុឺនសន្លឹកជាអត្តសញ្ញាណប័ណ្ណខូច។ លោកថា ចាប់ពីខែនេះទៅក្នុង១ថ្ងៃត្រូវផលិតអត្តសញ្ញាណប័ណ្ណឲ្យបាន៤០០០សន្លឹកទើបអាចទាន់មុនការចុះឈ្មោះបោះឆ្នោត ។ដូច្នេះមានន័យថា ៩៩សង្កាត់ក្នុងមួយសង្កាត់ត្រូវផលិតឲ្យបាន៥០នាក់ក្នុងមួយថ្ងៃ ៕

photo_2016-07-29_14-25-15photo_2016-07-29_14-25-17photo_2016-07-29_14-25-18photo_2016-07-29_14-25-20photo_2016-07-29_14-25-23

មតិយោបល់