ភ្នំពេញៈ នៅវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នាយក្ដាមសមុទ្រ បានទៅអង្គុយហូបបបរឆ្ងាញ់ ម្ដុំផ្សារទួលទំពូង ស្រាប់តែឮបុរសម្នាក់ វ័យរៀងចំណាស់បន្តិច អង្គុយហូបបបរដែរ នៅតុមានគ្នាបីបួននាក់ ក៏ជជែកគ្នាពីបញ្ហារឿងមន្ទីរគ្រឿងញៀន ហ៊ានចាប់អ្នកកាសែតយកទៅពិនិត្យទឹកនោម ដើម្បីរកសារធាតុញៀន ខណៈនាយក្ដាមសមុទ្រ ខំផ្ទៀងត្រចៀកស្ដាប់ ស្រាប់តែបុរសសម្បុរស និយាយឮៗថា ម៉េចអ៊ីចឹង? ប្រហែលជាអ្នកកាសែត ធ្វើខុសហើយមើលទៅ រឿងនេះបើពលរដ្ឋវិញ ព្រលឹងចុងសក់ហើយ អាអូន។
គាត់បានបន្តទៀតថា ចុះបើមានកាតសម្គាល់ខ្លួនជាអ្នកកាសែតហើយ មានស្ថាប័នត្រឹមត្រូវ ម៉េចក៏ចម្លែកម៉្លេះ តាំងពីគាត់កើតមក អត់ដែលឃើញទាល់តែសោះ ទើបតែលើកទី១ទេ។
នាយក្ដាមសមុទ្រសរុបជារួមមក ហើយក៏សូមរំឭកប៉ុន្មានថ្ងៃនេះ មានករណីមន្ត្រីជំនាញនៃមន្ទីរគ្រឿងញៀន ឃាត់ខ្លួនអ្នកកាសែតម្នាក់ នៅស្ថានប័នមួយ កាលពីវេលាម៉ោង ៩ ជាងយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ម្ដុំផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ យកទៅធ្វើការសាកសួរ ហើយក៏ធ្វើតេស្តពិនិត្យទឹកនោមផងដែរ ជាលទ្ធផលអវិជ្ជមាន រួចធ្វើកំណត់ហេតុ អនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ។
រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមន្ត្រីជំនាញណា ចេញមកបកស្រាយ ពីបញ្ហាខាងលើនេះទេ ហាក់បីដូចជាស្ងាត់ឲ្យឈឹង សូម្បីតែនាយក្ដាមសមុទ្រ ក៏លែងហ៊ានជិះម៉ូតូ យកព័ត៌មានពេលយប់ដែរ ដូចជាភ័យខ្លាចទោះមានស្ថាប័ន កាតសម្គាល់ខ្លួន ដាក់តាមក៏ដោយ នៅតែមិនទុកចិត្ត បើចាប់ឆៅៗចឹងនោះ។ ពីមុនមកនាយក្ដាមសមុទ្រ ឲ្យតែឮមន្ទីរចុះមកចាប់គ្រឿងញៀនម្ដងៗ អ្នកកាសែតស្ថាប័នផ្សេង ហៅទៅ ក៏នាយក្ដាមសមុទ្រមិនទៅដែរ ពីព្រោះដឹងតែពួកគាត់ ហាមមិនឲ្យថតរូប និងសម្លុត ប្រាប់ថា ខ្លាចបែករឿង ចង់រក្សាភាពស្ងៀមស្ងាត់ ដើម្បីឲ្យពួកគាត់អាចទៅចាប់ជនសង្ស័យបន្តទៀត នេះជាការនិយាយពិតចេញពីបេះដូងនាយក្ដាមសមុទ្រ ដែលធ្លាប់ជួប។
ទន្ទឹមនឹងនេះ នាយក្ដាមសមុទ្រសំណូមពរទៅលោក ទ្បឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន មេត្តាជួយមើលមន្ត្រីក្រោមឱវាទរបស់លោកផង ព្រោះអ្នកកាសែត ចង់ស្វែងរកប្រភពព័ត៌មាន ច្បាស់ការណ៍ ដើម្បីធ្វើការផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត យល់ថា ជានីតិវិធីរបស់សមត្ថកិច្ច ដើម្បីស្វែងរកជនសង្ស័យបន្តទៀត ប៉ុន្តែគួរប្រើពាក្យសមរម្យ ប្រាប់ដល់អ្នកកាសែតបានយល់ ព្រោះអ្នកកាសែត ធ្វើទៅតាមវិជ្ជាជីវៈ បើសិនជាខុស សមត្ថកិច្ច ចាត់វិធានការទៅតាមផ្លូវច្បាប់ចុះ។ នាយក្ដាមសមុទ្រ ក៏គាំទ្រទៅលើសមត្ថកិច្ច ខំប្រឹងប្រែងបង្រ្កាបទាំងយប់ទាំងថ្ងៃ ដើម្បីចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសទៅតាមច្បាប់ផងដែរ៕
មតិយោបល់