ព័ត៌មានជាតិ

ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​គាំង​បេះ​ស្លាប់ ​ពេល​បញ្ជូនទៅ​​មន្ទីរពេទ្យ

សៀមរាប:​ ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​ បាន​ស្លាប់​នៅពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​អង្គរ​ខេត្តសៀមរាប​ ដោយសារ​គាំងបេះដូង ​និង​ថប់ដង្ហើម​។ ​ហេតុការណ៍​នេះ ​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣៨​នាទី​យប់ ​ថ្ងៃទី​១៣​ ខែតុលា​ ឆ្នាំ​២០១៦​ ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​។

លោក​វរសេនីយ៍ទោ ​វ៉ាន់ រិ​ទ្ធ នាយ​កា​រិ​យា​ល័យ​ នគរបាល​អន្តោប្រវេសន៍​ខេត្តសៀមរាប ​បាន​ឲ្យដឹងថា​ ​បន្ទាប់ពី​ទទួល​បាន​ដំណឹង​ខាងលើនេះ ​កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​​ចុះ​ពិនិត្យ​សាកសព ហើយ​បាន​សន្និដ្ឋាន​ជាមួយ​ក្រុមគ្រូពេទ្យ​ថា​ ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​ពីព្រោះ​ជនរងគ្រោះ​មាន​អាកា​រ:​ ថប់ដង្ហើម​ខ្លាំង​។​

លោក​ បន្តថា​ ជនរងគ្រោះ​មានឈ្មោះ YOO BOK SOON ភេទ​ស្រី អាយុ​ ៧២​ឆ្នាំ ជនជាតិ​កូរ៉េ ជា​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​M64340966 ​ធ្វើដំណើរ​តាមរយ:​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​មកដល់​ខេត្តសៀមរាប​ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ តាម​ជើង​យន្តហោះ​ពី​ទីក្រុង​ហាណូយ​មក​ខេត្តសៀមរាប​ ហើយ​បាន​ស្នាក់នៅ​សណ្ឋាគារ​ឈ្មោះ ស្តា​រី​អង្គរ បន្ទប់​លេខ​១៤៣ ​ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ ​សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​។

លោក​ បន្តទៀតថា​ បងប្រុស​សព បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​នគរបាល​ ពេលដែល​ជនរងគ្រោះ​មកដល់​ខេត្តសៀមរាប​ភ្លាម ​និយាយប្រាប់​គាត់​ថា មាន​អា​ការ:មិន​ស្រួលខ្លួន រហូតដល់​ថ្ងៃទី​១២ ​ខែ​ឆ្នាំ​ដដែល​បាន​ប្រាប់​ក្រុមហ៊ុន​ ដឹកយក​ទៅពិនិត្យ​ព្យាបាល ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​អង្គរ ​ក្រោយពី​ពិនិត្យ​ព្យាបាល​រួច ជនរងគ្រោះ​បាន​ត្រឡប់​មក​សម្រាក​នៅ​សណ្ឋាគារ​វិញ ​រហូតដល់​ថ្ងៃទី​១៣ ​ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨យប់ ជនរងគ្រោះ​បាន​ប្រាប់​បងប្រុស​គាត់​ទៀតថា ​មាន​អាកា​រ:​ថប់ដង្ហើម​ខ្លាំង ​និង​បាន​ដឹក​យក​ទៅជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​វិញ​ភ្លាមៗ ​តែ​ដោយ​អាកា​រ:​ធ្ងន់ធ្ងរ​ពេក​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ តាមផ្លូវ​នៅវេលា​ម៉ោង ៨និង​៣៨​នាទី​យប់ ​ថ្ងៃទី​១៣ ​ខែតុលា ឆ្នាំ​២០១៦​។​ បច្ចុប្បន្ន​សព​ត្រូវ​បាន​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​អង្គរ ​ដើម្បី​រង​ចាំ​ការសម្រេច​ពី​ស្ថានទូត​ និង​ក្រុមគ្រួសារ​ជាមុន​សិន​៕​

fb_img_1476418190981

fb_img_1476418196041

fb_img_1476418198772

មតិយោបល់