ព័ត៌មានជាតិ

រថយន្តសមត្ថកិច្ចបុកជាមួយម៉ូតូនារីរោងចក្រ បណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់

បន្ទាយមានជ័យ: នៅវេលាម៉ោង ៧ និង ៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រវាងរថយន្តរបស់សមត្ថកិច្ចក្រុងប៉ោយប៉ែត បានបុកជាមួយម៉ូតូ កម្មការនីរោងចក្រជិះគ្នាពីរនាក់ ក្នុងនោះបានបណ្តាលឲ្យស្រ្តីម្នាក់រងរបួសបាក់ជើងម្ខាង។

ហេតុការណ៍នេះបានកើតឡើង នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ និង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖មុនពេលកើតហេតុ មានស្រ្តីពីរនាក់ជាកម្មការនីបម្រើការងារនៅរោងចក្រហាតឌីស បើកបរម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FK-5418 ទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចខាងលើ មានរថយន្តមួយគ្រឿងជារបស់សមត្ថកិច្ចក្រុងប៉ោយប៉ែត ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-3907 ធ្វើដំណើរបញ្ច្រាសទិសគ្នា បត់ចូលកន្លែងហូបបាយ ក៏បុកម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់បាក់ជើងឆ្វេងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំការដោះស្រាយគ្នាពេលក្រោយ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់