ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងជិះបុករថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេលា បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួស

ពោធិ៍សាត់ៈ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩និង០៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកបុករថយន្តដឹកប្រេង លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៥១-១៥២ ស្ថិតក្នុងភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេលា ពាក់ស្លាកលេខ ភ្នំពេញ 30-9582 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានធ្វើចរាចរណ៍ពីកើតទៅលិច លុះដល់កន្លែងកើតហេតុរថយន្តបានបន្ថយល្បឿនសន្សឹមៗ រួចស៊ីញ៉ូភ្លើងបត់ចូលស្ថានីយ៍ប្រេងតេលាម៉ាត ដើម្បីបង្ហូរប្រេងចុះ។ ជួនពេលនោះមានម៉ូតូ ២គ្រឿង បើកក្នុងល្បឿនយ៉ាងលឿនឡើងជែងមុខរថយន្ត។

ម៉ូតូទី១ម៉ាក អ៊ិចសង់ទ័រ គ្មានស្លាកលេខជិះគ្នា ២នាក់ បានទៅបុក កាងរថយន្តប៉ែកខាងឆ្វេងបណ្តាលឲ្យខ្ទាតធ្លាក់ទៅចិញ្ចើមថ្នល់ខាងត្បូងផ្លូវ ជនរងគ្រោះទាំងពីរនាក់មានឈ្មោះដូចខាងក្រោម៖
១- ហាំ ម៉ាណារ៉ាត់ អាយុ ១៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ។
២-ឈ្មោះ អ៊ុន ស៊ីថន អាយុ ១៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនរងគ្រោះទាំងពីរនាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។

បន្ទាប់មកម៉ូតូបក្សពួកខ្លួនម៉ាក C125 ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខពោធិ៍សាត់ 1J-0869 បើកបរដោយឈ្មោះ ជី ម៉ិញ ភេទប្រុស ជនជាតិខ្មែរ អាយុប្រហែល ២៥ឆ្នាំ រស់នៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ បើកប្រដេញគ្នាតាមក្រោយបោះពួយយ៉ាងលឿនទៅបុកកង់រថយន្តដឹកប្រេងខាងស្តាំក្នុងពេលដែលរថយន្តបត់ស្តាំសន្សឹមៗ បណ្តាលឲ្យដេកដួលនៅនឹងកន្លែងកើតហេតុនោះដែរ ពេលដឹកដល់មណ្ឌលសុខភាពស្រុកបានស្លាប់តែម្តង។

ក្រោពេលកើតហេតុរថយន្តបើករក្សាទុកនៅក្នុងស្ថានីយតេលាម៉ាត រីឯអ្នកបើកបរគេចខ្លួនបាត់ វត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់