ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ផ្អើលអាជ្ញាធរខណ្ឌដង្កោម្នាក់ចុះដោះស្រាយ ករណីប្រជាពលរដ្ឋនាំគ្នាំតវ៉ាបិទផ្លូវ មិនឲ្យរថយន្តដឹកដីបើកឆ្លងកាត់ បង្កការកកស្ទះ ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវទំនប់៧មករា ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បញ្ជាក់៖ ការបិទផ្លូវតវ៉ានេះ ក្រោយរថយន្តទាំងនោះ បើកក្នុងល្បឿនលឿនៗ មិនខ្វល់ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ រថយន្តដឹកដីដែលបើកឆ្លងកាត់ផ្លូវនេះ គឺមាន២ក្រុមហ៊ុន៖ ក្រុមហ៊ុន លី គឹមហេង និងក្រុមហ៊ុន ទ្រី សៀម៉ី ហើយនិងមាន៣ទៅ៤ក្រុមហ៊ុនទៀតផងដែរ ។
យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា រៀងរាល់ថ្ងៃ ពួកគាត់មានការព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាព ទាំងការរស់នៅ ការបើកបរ ហុយដី ពេលខ្លះហូបបាយស្ទើមិនកើត ធូលីដីហុយចូលពេញផ្ទះ ។ បញ្ហានេះប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខណ្ឌដង្កោ មេត្តាជួយណែនាំដល់ក្រុមហ៊ុនដឹកដីនោះផង ជាពិសេសសូមជួយស្រោចទឹកលើដងផ្លូវប្រចាំថ្ងៃ។
ក្រោយផ្ទុះការតវ៉ាបិទផ្លូវនេះ គេសង្កេតឃើញវត្តមានរបស់លោក ជ គឹមសរ អភិបាលរងខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះអន្តរាគមន៍សម្របសម្រួលជាមួយប្រជាពលរដ្ឋ ឲ្យបើកផ្លូវដំណើរធម្មតាវិញ និងបានសម្រេចឲ្យផ្អាកការដឹកដី ហើយហៅម្ចាស់ក្រុមហ៊ុនទាំងអស់មកធ្វើការណែនាំតាមច្បាប់៕


មតិយោបល់