ព័ត៌មានជាតិ

រថយន្តបូមលូ ដាច់ហ្រ្វាំបុករះម៉ូតូមន្ត្រីរាជការ និងស្ត្រីម្នាក់​ បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង ៨ និង ៤០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តបូមលូ បុករះម៉ូតូ២គ្រឿង ត្រង់ចំណុចស្តុបទូតចិន តាមបណ្តោយផ្លូវម៉ៅសេងទុង ស្ថិតសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-8650 បើកបរដោយឈ្មោះ ឃឹម សារិទ្ធ ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរជាមន្ត្រីរាជការ រស់នៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-1191 បើកបរដោយឈ្មោះ សែម យូរ៉ា ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៤៧១ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ម៉ូតូទាំង២មានទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើបានឈប់ស្តុបទូតចិន ភ្លាមនោះមានរថយន្តបូមលូម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ក៥៣-០៥៤០ បើកបរដោយឈ្មោះ ហូញ ផល្លី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរបើកបរ រស់នៅឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដាច់ហ្វ្រាំងក៏បុកពីក្រោយម៉ូតូខាងលើពេញទំហឹង កិនជាប់ខាងក្រោមរថយន្ត បណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់និងស្រាល ហើយទៅប៉ះក្បាលនាគចែកទ្រូងផ្លូវមួយកង់រងការខូចខាតផងដែរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកម៉ូតូម៉ាកហុងដា ទៅរក្សាទុកនៅនគរបាលចរាចរណ៍ក្រុង រង់ចាំដោះស្រាយតាមក្រោយ ចំណែកម៉ូតូវ៉េវខាងរថយន្តសុំសម្របសម្រួលចេញថ្លៃជួសជុល រីឯជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់