ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង២៥នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកុងតឺន័របុកម៉ូតូ ស្ថិតត្រង់ចំណុចគល់ស្ពានច្បារអំពៅត្រើយខាងកើត ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ជាន សារិទ្ធ អាយុ ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកង់ឡាន បើកបរម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1D-8245 មានស្រុកកំណើត ឃុំជាច ស្រុកចំចាយមារ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅ ភូមិអន្លង់កាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មានប្រពន្ធកូន ៣នាក់ទាំងក្នុងពោះនៅសល់ មួយខែទៀតសម្រាល។
រថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-9825 កន្ទុយខាងក្រោយ ពាក់ស្លាកលេខ ព្រះសីហនុ 4A-0039 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរពីកើតទីលិច លុះមកដល់ចំណុចខាងលើ ស្រាប់តែបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្ដាលឲ្យមនុស្សខ្ទាតចូលក្រោមកង់រថយន្តកិនក្បាលធ្លាយខួរ ចំណែកតៃកុងមិនបង្អង់យូរបន្ថែមល្បឿន បើកឡើងស្ពានរួចចតរថយន្តចោលចុះជិះម៉ូតូឌុបគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបណ្យតាមប្រពៃណី៕
មតិយោបល់