ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយដឹកត្រីកៀរហាយឡែនឌ័រ បញ្ចប់រឿងត្រឹម៣៥០ដុល្លារ​​ទាំងព្រឹក!

ភ្នំពេញ: រថយន្តម៉ាកហាយឡែនឌ័របានរងការខូចខាតមួយចំហៀងខ្លួនទាំងព្រឹក ដោយសារតែរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកត្រីមួយគ្រឿង បើកបរក្នុងល្បឿនលឿនហើយជ្រុលទៅកៀរពីក្រោយ។

ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់មហាវិថីឈ្នះឈ្នះ ភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុពួកគាត់បានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ2AZ-8767 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវបេតុង វត្តភ្នៀតសម្ពលី ក្នុងទិសដៅពីលិចទៅកើតឡើងលើមហាវិថីឈ្នះឈ្នះ បត់សំដៅទៅទិសខាងត្បូងវិញ ហើយស្របពេលនោះទើបតែបត់បានបន្តិចប៉ុណ្ណោះក៏ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2J-9365 ដឹកត្រីបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង ស្របគ្នាទៅដល់កៀរពីក្រោយតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ខណ:នោះរថយន្តដឹកត្រីបានជ្រុលបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបែកកង់មុខខាងឆ្វេង១គ្រាប់ទៅមុខលែងរួច។

ក្រោយពីឧប្បត្តិហេតុកើតឡើងភាគីទាំង២បានសម្របសម្រួលគ្នាហើយខាងអ្នកបើកបររថយន្តដឹកត្រីបានសងថ្លៃការខូចខាតទៅភាគីរថយន្តហាយឡែនឌ័រចំនួន៣៥០ដុល្លារដើម្បីបញ្ចប់រឿង៕

មតិយោបល់