ភ្នំពេញៈ កាលពីថ្ងៃទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បុរសម្នាក់លួចយករថយន្តនិងម៉ូតូចៅហ្វាយទៅលក់យកលុយលេងល្បែងអស់ ត្រូវថៅកែចាប់ប្រគល់ឲ្យសមត្ថកិច្ច ត្រង់ចំណុចហាង លក់រថយន្ត ៣៦៨អូតូ ផ្ទះលេខ៧៥៦ ផ្លូវជាតិលេខ២ ស្ថិតភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ជួប ប៊ុនរិទ្ធ ហៅ ម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំមុខរបរ អ្នកគ្រប់គ្រងហាងលក់រថយន្ត៣៦៨អូតូ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្ចាស់ក្រុមហ៊ុនលក់ឡានឈ្មោះ ម៉ា វៃម៉ាន់ ភេទប្រុស អាយុ ៣២ ឆ្នាំ ស្នាក់នៅទីតាំងខាងលើ។
ដំណើររឿង៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យយករថយន្ត០១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AF 3841 យកទៅលក់នៅម្តុំស្តុបទេពផន បានប្រាក់ចំនួន១៦២០០ដុល្លារ និងម៉ូតូរបស់ជនរងគ្រោះដែលទុកឲ្យជិះធ្វើការ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-9809 ទៅបញ្ចាំនៅម្តុំឃ្លាំងរំសេង បានប្រាក់ចំនួន៦០០ដុល្លារ បន្ទាប់មកយកទៅលេងល្បែងស៊ីងអស់។ ខណៈថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ ជនសង្ស័យបានយករថយន្តរបស់ជនរងគ្រោះចំនួន០១គ្រឿងទៀតម៉ាក លុចស៊ីស RX 330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ 3215 ទៅលក់នៅម្តុំស្តុបទេពផន បានប្រាក់ចំនួន១៦២០០ដុល្លារ លេងល្បែងចាញ់អស់ទៀត។ លុះដល់ថ្ងៃទី១៩ ខែធ្នូ ជនរងគ្រោះរឿងក៏ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ចកិច្ចចាត់តាមច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
មតិយោបល់