មណ្ឌលគិរីៈ ការតាមប្រមាញ់សត្វដំរីដែលបានវ័ធសម្លាប់ហ្មរបស់វាកាលពីប៉ុន្មានថ្ងៃមុននេះ រហូតនៅព្រឹកថៃ្ងទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ត្រូវបាន លោក ឃុន ឌីយូន ជាប្រធានអង្កការអភិរក្សសត្វដំរីញីប្រចាំខេត្តមណ្ឌលគិរីសហការជាមួយសមត្ថកិច្ច បានមានគំនិតមួយគឺតម្រូវឲ្យប្រមូលដំរីញីប្រាំក្បាល មកជាធ្នាក់ដើម្បីចូលទាក់អាឈ្មោលវិញនេះ ជាវិធីសាស្រ្តតែមួយដែលងាយស្រួលផង។
ចំណែកកម្លាំងសមត្ថកិច្ចរួមមានយោធា និងនគរបាល ត្រូវបានពង្រាយតាមបណ្ដោយផ្លូវចាប់ពីផ្លូវបំបែកភូមិពូលូង រហូតដល់ទីរួមស្រុកពេជ្រាដា ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ។ លោកបាននិយាយទៀតថា សត្វដំរីឈ្មោលមួយក្បាលដ៏សាហាវនោះ បានរត់ចូលព្រៃក្បែរៗដងផ្លូវជិតៗនេះ ហើយវាកំពុងកៀងដំរីញីទៅជាមួយផងដែរ ។
លោកនួន សារ៉ន អភិបាលស្រុកពេជ្រាដា បានឲ្យដឹងដែរថា អាជ្ញាធរស្រុកបានពង្រាយកម្លាំងមានសមត្ថកិច្ចចាប់ពីផ្លូវបំបែក ក្នុងភូមិពូលូង រហូតដល់ភូមិស្រែអំពូង មិនឲ្យពលរដ្ឋ ឬភ្ញៀវទេសចរ ឆ្លងកាត់តាំងពីល្ងាចមិញមកម្ល៉េះដើម្បីការពារសុវត្ថិភាពដល់អ្នកឆ្លងកាត់តាមផ្លូវមួយនេះ ក៏ដូចធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលចូលមកកម្រាន្តនៅតំបន់នេះ។
ដោយប្រើអស់រយៈពេលជាច្រើនម៉ោង គិតត្រឹមរសៀលថ្ងៃទី២១ កញ្ញានេះ កម្លាំងចម្រុះស្រុកពេជ្រាដា បានស្ទាក់ចាប់ដំរីមួយក្បាលនោះបានហើយ៕
មតិយោបល់