សៀមរាបៈ ក្រុមអ្នកជំនាញខ្មែរ កំពុងជួសជុលប្រាសាទឥដ្ឋ និងប្រាសាទបាគង សំដៅធ្វើយ៉ាងណាឲ្យសំណង់ប្រាសាទនេះ ដែលមានការខូចខាតទទួលបានសោភ័ណភាពល្អប្រសើរឡើងវិញ ដើម្បីបំរើវិស័យទេសចរណ៍ រួមទាំងទុកជាមរតកវប្បធម៌របស់កូនខ្មែរគ្រប់ជំនាន់។
ផ្ដែរ នៅខ្លោងទ្វារខាងកើតនៃប៉មឥដ្ឋ លេខ៨ បានរលំ បាក់នៅក្នុងខែតុលា ឆ្នាំ២០០៩កន្លងទៅកំឡុងពេលមានភ្លៀងខ្លាំង ហើយត្រូវបានទទួលការសង្គ្រោះបឋមដោយនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា។ ចំណែកអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបានបន្តកិច្ចការអភិរក្សនិងជួសជុលប៉មនេះក្នុងទ្រង់ទ្រាយធំ និងមានរយៈពេលវែងជាដំណាក់កាលៗ ក្នុងនោះបានចាប់ផ្តើមឡើងនៅខែធ្នូ ឆ្នាំ២០១៥ ដោយអ្នកជំនាញខ្មែរសរុប១៧នាក់។
លោក តាន់ សុផល អនុប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ប្រាសាទឥដ្ឋទាំងអស់មានចំនួន៨ ស្ថិតក្នុងបរិវេណនៃកំពែងទី១ប្រាសាទបាគងដែលបានសាងឡើងកំឡុង សតវត្សទី១០ បច្ចុប្បន្ន ប៉មប្រាសាទឥដ្ឋទាំងនោះមានស្ថានភាពទ្រុឌទ្រោមដោយផ្នែកៗ ត្រង់រួតនីមួយៗនៃប៉ម។ គោលបំណងនៃការជួសជុលប៉មលេខ៨គឺគ្រោងនឹងរៀបចំជួសជុលបំណែកផ្តែរដើម្បីបញ្ចូលនៅទីតាំងដើមវិញ ពិសេសគោរពតាមអនុសាសន៍របស់អ្នក ជំនាញAd Hoc អាយ ស៊ី ស៊ី- អង្គរ។ លទ្ធផលនៃការជួសជុលពង្រឹងខ្លោងទ្វារខាងកើតនៃប៉មលេខ៨នេះ បានសម្រេចជាង៥០ភាគរយនៃការងារត្រង់រចនាសម្ព័ន្ធជណ្តើរខាងកើតដោយបានរៀបថ្មជណ្តើរបញ្ចូលត្រង់ទីតាំងដើមវិញត្រឹមកាំទី៨និងការជួសជុលពង្រឹងខឿន ឥដ្ឋទាំងសងខាង។ កិច្ចការនឹងគ្រោងបន្តជួសជុលបំពេញសសរពេជ្រនិងសសរផ្អោបទាំងពីរក្នុងរយៈ៦ខែខាងមុខ។
លោក ស៊ឹម អឿម ប្រធានផ្នែកគ្រប់គ្រងពលករក្នុងកិច្ចការអនុវត្តជួសជុលឥដ្ឋ និងជាពលករជំនាញ បានប្រាប់ថា នេះជាកិច្ចការជួសជុលប្រកបដោយការលំបាក និងទាមទារការពិភាក្សាដោយប្រុងប្រយ័ត្នខ្ពស់ ព្រោះជាលើកដំបូងក្នុងការជួសជុលផ្តែរដែលមានទម្ងន់ធ្ងន់ ប្រមាណ៤.៧តោន ដើម្បីដំឡើងដាក់នៅទីតាំងដើមវិញដែលមានកម្ពស់៦ម៉ែត្រ។
អ្នកជំនាញរូបនេះ បានបន្ដទៀតថា ការជួសជុលប៉មលេខ៨ នៃប្រាសាទបាគង បានប្រើប្រាស់អ្នកបច្ចេកទេសនិងពលករ ជំនាញក្នុងស្រុងទាំងអស់ចំនួន១៧នាក់ ដែលពួកគាត់រស់នៅក្បែរបរិវេណប្រាសាទនៃភូមិ ឪឡោក ស្រុកប្រាសាទបាគង ពលករជំនាញទាំងអស់ធ្លាប់បានទទួលការបណ្តុះបណ្តាល ច្រើនផ្នែកកិច្ចការជួសជុលឥដ្ឋតាំងពីឆ្នាំ ១៩៩៤ដោយអនុវត្តគម្រោងជួសជុលប៉មប្រាសាទ ព្រះគោ ដែលជាគម្រោងរបស់អន្តរជាតិឈ្មោះ The Royal Angkor Foundation ដូច្នេះ ពួកគាត់កំពុងបន្តចំណេះដឹងនិងបទពិសោធន៍ទាំងនោះតាមរយៈការបណ្តុះបណ្តាល និងមាន ឈាមជ័រនៃញាតិសន្តានរបស់គាត់ដែលបានជួសជុលប្រាសាទកំឡុងប្រាសាទទទួលការអភិរក្សដោយសាលាបារាំង ចុងបូព៌ា(EFEO)។
រាល់បច្ចេកទេសក្នុងការជួសជុលឥដ្ឋគឺបានប្រើប្រាស់បច្ចេកទេសបុរាណ និងផលិតផលក្នុងស្រុកសុទ្ធសាធរួមមានកំបោរលៀស កម្ទេចឥដ្ឋ ដីខ្សាច់ កាវស្បែកគោ និងស្ករត្នោតដែលជាធាតុបន្សំនៃល្បាយបាយអសម្រាប់ភ្ជាប់ឥដ្ឋ និងឥដ្ឋ៕
មតិយោបល់