ព័ត៌មានជាតិ

ឧត្តមសេនីយ៍សោម ស៊ុន ដឹកនាំកងកម្លាំង ប្រជាពលរដ្ឋ សិស្សានុសិស្ស ដាំកូនឈើ៤០០ដើម

កំពង់ធំៈ លោក​ ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកងកម្លាំងកងយោធពលខេមរភូមិន្ទ៨៥នាក់ រួមជាមួយននិងប្រជាការពារ ប្រជាពលរដ្ឋសិស្សានុសិស្ស សរុប២៨៥នាក់ដាំកូនឈើចំនួន៤០០ដើម ក្នុងនោះមានឈើបេង នាងនួន គ្រញូង និងកូនឈើជាច្រើនមុខទៀត នៅវត្តពោធិរោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។

លោកមេឃុំបន្ទាយស្ទោង បានឲ្យដឹងពីភូមិសាស្រ្តដែលមានផ្ទៃដីចំនួន៥៥៤៩.៨០.៩៣ហិចតា មានដីចំការ និងដីព្រៃ ដីលំនៅដ្ឋាន ដីបង្ករបង្កើនផល មានចំនួន ១៥ភូមិៗពន្លាជ័យ ចន្លុះ បេង បន្ទាយស្ទោង កុកគ្រួស គោកសណ្តែក ឈើទាល ស្លាករ ពោធ៍ ចំបក់បញ្ញា បវែង រលួស តាម៉ី ស្រោមដែក និងភូមិដូចប៉ុក ប្រជាពលរដ្ឋ២៥៩០គ្រួសារ សរុប១១៨១២នាក់ មានសាលាចំនួន៨​ លោកបានបន្តថា មានសេចក្តីត្រេតអរយ៉ាងខ្លាំង ពេលដែលមានកងកម្លាំងប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានសហការគ្នាចូលរួមដាំដើមឈើនៅតាមវត្ត អារាម ដែលជាសកម្មភាពល្អមួយបានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពសិទ្ធស្នាលរវាង​មនុស្សនិងព្រៃឈើ ដែលមិនអាចកាត់ផ្តាច់គ្នាបាន និងជាការចូលរួមការពារបរិស្ថានពណ៌បៃតងផងដែរ។

លោក​ ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ពីអត្ថន័យនៃការជម្រុញ និងគាំទ្រឲ្យកងកម្លាំង និងប្រជាពលរដ្ឋ ចូលរួមដាំកូនឈើ ដោយសារតែព្រៃឈើគឺជាសរសៃឈាមរបស់មនុស្សនិងសត្វ និងមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរស់នៅរបស់មនុស្សសត្វ ដែលត្រូវការបរិស្ថានល្អ ដែលមនុស្សក្នុងលោកពុំអាចខ្វះបាន នាពេលបច្ចុប្បន្នពិភពលោកកំពុងតែមានការព្រួយបារម្ភ​ ពីការកំណើនឡើងនៅកំដៅ អាកាសធាតុប្រែប្រួល ម្យ៉ាងទៀតចំនួនប្រជាពលរដ្ឋកាន់តែកើនឡើង ហើយតម្រូវការឲ្យមានការប្រើប្រាស់នូវផលអនុផលព្រៃឈើ បូករួមនិងការរុករាន្ទកាប់បំផ្លាញព្រៃឈើ ទើបធ្វើឲ្យមានការរិចរិល ទើបក្នុងថ្ងៃនេះនាំគ្នាដាំកូនឈើ គឺជាការ ស្តាឡើងវិញពីការរិចរិល និងសំណូមពរឲ្យចូលរួមដាំកូនឈើ និងថែរក្សាព្រៃឈើទាំងអស់គ្នា។

លោក មុំ ផល នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទោង បានឲ្យដឹងថា ព្រៃឈើបានផ្តល់ផលប្រយោជន៍ដល់មនស្សជាច្រើន មនុស្សអាចទាញយកផលពីព្រៃឈើ ការចូលរួមដាំកូនឈើឲ្យបានគ្រប់គ្នា គឺជាការសាងនូវគុណប្រយោជន៍ដល់សង្គមជាតិទាំងមូល ទោះជាយើងដាំកូនឈើមួយដើម ក៏មិនបានរំពឹងថានិងបានប្រើប្រាស់ខ្លួនឯងនោះទេ តែវាជាមោទនភាព និងជាកេរ្តិ៍មរតក សម្រាប់កូនចៅជំនាន់ក្រោយ មិនតែប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនមួយដែលទទួលទិញកាបោនពីព្រៃឈើ នៅប្រទេសកម្ពុជា ដូច្នេះព្រៃឈើមិន ត្រឹមតែជួយសម្រួលបរិស្ថានដល់មនុស្សសត្វទេ តែជួយរកចំណូលដល់ប្រទេសទៀតផង៕

មតិយោបល់