ព័ត៌មានជាតិ

កូនប្រុសលោកអធិការក្រុងបាវិត ដែលបាញ់ស្ត្រីម្នាក់ ត្រូវបញ្ជូនទៅតុលាការនៅរសៀលនេះហើយ

ស្វាយរៀង: ករណីបាញ់ប្រហារលើស្ត្រីជាម្ចាស់ហាងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម ស្ថិតនៅក្នុងហាងភោជនីយដ្ឋាន តន្ត្រីសំណាងដាណា ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពេលនេះ ជនដៃដល់ ត្រូវបញ្ជូនទៅកាន់តុលាការ នារសៀលនេះហើយ។

ជនរងគ្រោះឈ្មោះ សឿន ដាណេ ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីនៅក្រុងបាវិត។ ចំណែកជនដៃដល់ ឈ្មោះ កែវ ចិត្រា មានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែនគ្រឿងញៀន ជាអតីតជានគរបាលនៅក្រុងបាវិត ទើបតែប្រកាសតែងតាំង ជាអធិការរងបាន ៥ទៅ ៦ថ្ងៃប៉ុណ្ណោះ ត្រូវជាកូនប្រុសរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត។

ប្រភពពីបុគ្គលិកបម្រើការងារហាងតន្ត្រីខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានចូលមកក្នុងហាង នៅកញ្ចុះលេខ៦៦៦៦ ហើយកម្មង់មីស្រុះមួយចាន បន្ទាប់មកទៀតបានប្រាប់បុគ្គលិក ឲ្យហៅម្ចាស់ហាងមកជួប ហើយបុរសខាងលើ បានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងមួយគ្រាប់ទៀតបាញ់តម្រង់ក្បាលស្ត្រីរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម៕

មតិយោបល់