(ស៊ីដនី)៖ អូស្ត្រាលីនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ចាប់ពីថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer។
រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី លោក Greg Hunt បានឱ្យដឹងថាវ៉ាក់សាំងដូសជំរុញច្រើនជាង ១៧៣,០០០ដូស ត្រូវបានត្រៀមរួចជាស្រេចសម្រាប់ចាក់ជូនអ្នកនៅតាម មណ្ឌលថែទាំមនុស្សចាស់ និងបុគ្គលិកសុខាភិបាល ជាកិច្ចបើកយុទ្ធនាការជាផ្លូវការ។
លោកបន្ថែមថាដូសជំរុញនឹងត្រូវចាក់ជូនប្រជាជនអូស្ត្រាលីដែលមាន អាយុ ១៨ឆ្នាំឡើងទៅ ៦ខែ ឬលើសខ្វះតិចតួចបន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងបានគ្រប់ដូស ឬ២ដូស ស្របពេលប្រជាជនដែលបានចាក់វ៉ាក់សាំងបង្ការគ្រប់ដូស នៅក្នុងប្រទេសអូស្ត្រាលីកើនលើស ៨០ភាគរយ គិតត្រឹមកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
វិធានការរឹតត្បិតនៅក្នុងទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន (Melbourne) ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ វីរុសបំប្លែងថ្មី Delta ត្រូវបានបន្ធូរបន្ថយជាបន្តបន្ទាប់ផងដែរ៕
ប្រភព៖ AFP
មតិយោបល់