ព័ត៌មានជាតិ

ឃើញម្ចាស់រវល់ បន្លំលួចការបូបលុយហើយរត់គេច ត្រូវសមត្ថកិច្ចចាប់ក្របួច

រតនគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ៨ និង ៥៥នាទី ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់ ធ្វើ​សកម្មភាព​បន្លំ​លួច​យក​កាបូប​លុយ​អ្នកលក់​ខោអាវ​ក្នុង​ផ្សារ ​ត្រង់ចំណុច​ផ្សា​របរ​កែស្ថិត​ក្នុងភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរីត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន។​

ជនសង្ស័យ​ទាំង​៣​នាក់ រួមមាន ៖
១/​ឈ្មោះ ឡុ​ក សាម៉ុន ភេទ​ស្រី អាយុ​ ៤០ ​ឆ្នាំ ជនជាតិខ្មែរ ។
២/ឈ្មោះ ឡុ​ក ហ៊ីង ភេទ​ប្រុស អាយុ​ ៣៧​ ឆ្នាំ ជនជាតិខ្មែរ។
​ទាំង​២​នាក់​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។
៣/​ឈ្មោះ ជុំ នី​ន ភេទ​ស្រី អាយុ​ ៣៩ ​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ដំណើររឿង៖ នៅវេលាកើតហេតុ អ្នក​ទាំងបី​បាន​ចូលមក​បន្លំ​លួច​យក​កាបូប​លុយ ខណៈពេល​ជនរងគ្រោះ​ឈ្មោះ ឈន ដាវី ភេទ​ស្រី អាយុ​ ៥៨ ​ឆ្នាំ ជនជាតិខ្មែរ មុ​របរ​លក់​ខោអាវ​ជជុះ កំពុង​រៀបចំ​ខោអាវ​ដាក់លក់ ដែល​ក្នុង​កាបូប​នោះ​មាន​ទឹកប្រាក់​ចំនួន​១០៧០​ដុល្លារ ។ បន្ទាប់ពីកើតហេតុ​ជនរងគ្រោះ​បានទៅ​ប្ដឹង​សមត្ថកិច្ច ភ្លាមៗ​នោះ​កម្លាំង​ក៏ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់ការ​ឃាត់ខ្លួន​ជនសង្ស័យ​​ទាំងបី​នាក់​នៅ​ចំណុច​បឹង​យក្ខ​ឡោម ស្ថិតក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី ហើយ​បានធ្វើ​ការឆែកឆេរ​រកឃើញ​លុយ​ដុល្លារ​ចំនួន ១០៧០​ដុល្លារ ​ដែល​ពួកគេ​លួច​ពីជនរងគ្រោះប្រាកដមែន។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ដើម្បី​បំពេញបែបបទ​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី ៕

មតិយោបល់