បន្ទាយមានជ័យៈ យោងតាមផេកនាយកដ្ឋានអប់រំផ្សព្វផ្សាយបានឲ្យដឹងថា រថយន្តម៉ាកមីតស៊ុយប៊ីហ្ស៊ី បុកគូថរថយន្តម៉ាកនីសាន់ពីក្រោយ បណ្តាលឲ្យក្រឡាប់ធ្លាក់ពីលើផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលភ្លើង០៥៨៩ ក្រៅទីប្រជុំជន ស្ថិតក្នុងភូមិសាស្ត្រ ភូមិភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ មុនពេលកើតហេតុ មានរថយន្ត មួយគ្រឿងម៉ាកមីតស៊ុយប៊ីហ្ស៊ី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ឈុនបូរី ២៧០៦ បើកបរដោយឈ្មោះ ចារ៉ាត់ តាមមី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិអាមេរិកកាំង ស្នាក់នៅប្រទេសថៃ និងអ្នករួមដំណើរឈ្មោះ ពុធ ថាឡាត់ ថាមីមី ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិថៃ ស្នាក់នៅជាមួយបានបើកបររថយន្តមកពីទិសខាលិចទៅទិសខាងកើត ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងរថយន្ត ដែលកំពុងបើកបរនៅខាងមុខ ចំផ្នែកខាងក្រោយក្នុងទិសដៅស្របទិសគ្នា បណ្ដាលឲ្យរថយន្តម៉ាកនីសាន់ មួយបាំងកន្លះពណ៌ប្រផេះ ក្រឡាប់ធ្លាក់ពីចិញ្ចើមផ្លូវ ដែលពាក់ស្លាកលេខ ង ២៣៨៤ ភព២ បើកបរដោយឈ្មោះ ឈាន ដៀប ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិភ្នៅ ឃុំតាសោម ស្រុកអង្គជុំ ខេត្តសៀមរាប និងអ្នករួមដំណើរឈ្មោះ យួន ម៉ៅ ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។
លោកអធិការបានបញ្ជាក់ថា៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតនោះឡើយ គ្រាន់តែរងរបួសបន្តិចបន្តួច ចំណែករថយន្តខូចខាតធ្ងន់ទាំង ២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់