ព័ត៌មានជាតិ

ព័ត៌មានលម្អិតបន្ថែម៖ គូដណ្តឹងថត Pre-Wedding ថ្មោងថ្មី នាំគ្នាជិះម៉ូតូទៅស្រុក ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ខាងប្រុស

ព្រះសីហនុ: កាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ខាងលិចរោងចក្រក្រោនចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ និងរថយន្ត បណ្តាលបុរសម្នាក់ ភាគីខាងម៉ូតូស្លាប់មួយរំពេច។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពាក់ស្លាកលេខ កំពត 1Q-2569 ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុជាផ្លូវចំណោត បានបន្ថែមល្បឿនវ៉ារថយន្តតែមិនផុត ក៏ជ្រុលបង្កូតបុកចូលពីក្រោយរថយន្តម៉ាក កូរ៉េ ពាក់ស្លាកលេខ ព្រះសីហនុ 3A-7450 ដឹកគ្រឿងសំណង់ បណ្ដាលឲ្យអ្នកបើកភាគីម៉ូតូស្លាប់ម្នាក់ (ប្រុស) និងអ្នករួមដំណើររងរបួសធ្ងន់ (ស្រី)។

បច្ចុប្បន្នជនរងគ្រោះ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ចំណែកសព រក្សាទុកនៅមន្ទីពេទ្យរង់ចាំក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ ជនរងគ្រោះទាំង២ជិតដល់ថ្ងៃរៀបការហើយ បាននាំគ្នាទៅស្រុក ដើម្បីបោះធៀបរៀបចំមង្គលការ៕

មតិយោបល់