ព័ត៌មានជាតិ

Update៖ បក្ខពួកចោរលួចកាច់សោយកម៉ូតូ ក្នុងនោះមានម្នាក់ ធ្វើប័ណ្ណសម្គាល់ខ្លួនក្លែង ជានគរបាលព្រហ្មទណ្ឌពាក់សក្តិ២ នៅខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុ: លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ នគរបាលព្រហ្មទណ្ឌខេត្ត និងកម្លាំងអធិការក្រុងព្រះសីហនុ បានសហការគ្នាបើកការស៊ើបអង្កេតស្រាវជ្រាវ ចាប់បានមុខសញ្ញាចោរលួចម៉ូតូមួយក្រុមមានគ្នាចំនួន៤នាក់ រួមទាំងវត្ថុតាងម៉ូតូជាផល នៃអំពើទុច្ចរិតចំនួន៩គ្រឿង និងឧបករណ៍សម្រាប់កាច់សោកម៉ូតូមួយចំនួន។

ជនសង្ស័យទាំង៤នាក់៖
១.ឈ្មោះបូវិហ៊ាភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ននៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
២.ឈ្មោះ ហ៊ាន លីហុយ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន នៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
៣.ឈ្មោះ សុខ ដារ៉ូ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ១សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ។
៤.ឈ្មោះ តាន ឡុង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងបិទក្បាំងម៉ូតូ និងជួសជុលម៉ូតូ មានទីលំនៅក្រុម២៨ ភូមិ១ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ឯកស៊ុតសំអុននាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ក្រោយពេលទទួលបានព័ត៌មានស្តីពីចោរកម្ម លួចកាច់សោយកម៉ូតូជាបន្តបន្ទាប់ និងផ្អែកតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅល្ងាចថ្ងៃទី២៩ ខែមេសាកន្លងទៅថ្មីៗនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃ្លាំចាំចាប់មុខសញ្ញាពីរនាក់ ដែលយកម៉ូតូមកលក់នៅតំបន់ភូមិថ្មី សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ពេលនោះមុខសញ្ញា២នាក់ បានជិះម៉ូតូ២គ្រឿង យកមកលក់តាមការណាត់របស់កម្លាំង ពេលមុខសញ្ញាកំពុងរង់ចាំយកលុយ សមត្ថកិច្ចក៏ចាប់ជាប់បានម្នាក់ឈ្មោះ ហ៊ាន លីហុយ រីឯគ្នាវាម្នាក់ទៀតឈ្មោះ បូ វិហ៊ា ដែលអង្គុយរង់ចាំនៅលើម៉ូតូ បានបើកម៉ូតូជិះរត់គេចខ្លួន តាមផ្លូវសាលាកម្មករភូមិថ្មី សង្កាត់លេខ៣ មកផ្លូវបេតុងសំដៅ មកចំណោតយាយម៉ៅឃ្លាំងលើ ផ្លូវជាតិលេខ៤ សមត្ថកិច្ចបានទាក់ទងតាមវិទ្យុទាក់ទង ធ្វើការស្ទាក់ចាប់បាននៅម្តុំចំណតរថយន្តក្រុមហ៊ុនស៊ូងួន មុខស្រាបៀអង្គរ។

ក្រោយពីបានសួរយកចម្លើយ សមត្ថកិច្ចបាននាំទៅចាប់ខ្លួនគ្នា ជនសង្ស័យ ចំនួន២នាក់ថែមទៀត ឈ្មោះ តាន់ ឡុង និងសុខ ដារ៉ូ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយបានធ្វើការឆែកឆេរ រកឃើញវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសជាច្រើន មានដូចជាឧបករណ៍សម្រាប់កាច់សោយកម៉ូតូ និងដកហូតបានវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសមាន៖
-កុំព្យូទ័រចំនួន២គ្រឿង
-ទូរស័ព្ទដៃចំនួន៩គ្រឿង(ម៉ាកOPPO៣គ្រឿង,ម៉ាកSamsung២គ្រឿង,ម៉ាកMEIZUចំនួន១គ្រឿង,ម៉ាកVIVOចំនួន១គ្រឿង,ម៉ាកNokiaចុចពិលចំនួន១គ្រឿងនិងម៉ាកNokia ថាច់ស្គ្រីនចំនួន១គ្រឿង)។
-ម៉ូតូចំនួន៩គ្រឿង៖
១.ម៉ាកហុងដាសេ១២៥ មិនស្គាល់ស៊េរី បិតស្គុតខ្មៅចំនួន១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។
២.ម៉ាកAirbladeចំនួន៤គ្រឿង(ពណ៌ក្រហម១គ្រឿង,ពណ៌ខ្មៅ១គ្រឿង,ពណ៌ទឹកមាស+ខ្មៅ១គ្រឿង និងពណ៌ក្រហម-ខ្មៅ១គ្រឿង) ជាផលនៃអំពើលួច។
៣.ម៉ាកHondaScoopyi ស៊េរីឆ្នាំ២០១៤ពណ៌ផ្ទៃមេឃ១គ្រឿង។
៤.ម៉ាកZoomer ពណ៌ក្រហម បិតស្គុតផ្កាឈូក១គ្រឿង។
៥.ម៉ាក MSX ពណ៌ខ្មៅ-សចំនួន១គ្រឿង។
៦.ម៉ាកអ៊ិនសង់ទ័រ ពណ៌ក្រហមចំនួន១គ្រឿង។
– ថ្នាំញៀន១កញ្ចប់ រួមទាំងឧបករណ៍ជក់ និងថង់តូចៗមួយចំនួន
– កាំបិតខ្លី៦ដើម និងកាំបិតវែង២ដើម
– ឧបករណ៍កាច់សោកម៉ូតូចំនួន៣ និងសម្ភារ:ម៉ូតូមួយចំនួនទៀត។

វត្ថុតាងទាំងនោះបានរកឃើញនៅក្នុងផ្ទះជួលរបស់ឈ្មោះ តាន ឡុង និងផ្ទះជួលរបស់ជនសង្ស័យទាំងបីនាក់។
ឈ្មោះតាន ឡុង បានក្លែងបន្លំធ្វើប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយ ជានគរបាលព្រហ្មទណ្ឌពាក់សក្តិ២ទៀតផង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសួរនាំដើម្បីកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

មតិយោបល់