ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ដែលប្រើប្រាស់កែឆ្នៃស៊ីម៉ាំងបំពងសំឡេង រំខានដល់ពលរដ្ឋ

ព្រះសីហនុ: លោកវរសេនីយ៍ឯកភុលភស្តាអធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ថ្មីៗនេះលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញត្រួតពិនិត្យ តាមដងផ្លូវឃាត់ទុកមធ្យោបាយ (ម៉ូតូ) ដែលជនទំនើងបាន នឹងកំពុងប្រើប្រាស់កែឆ្នៃស៊ីម៉ាំងបំពងសំឡេង រំខានដល់អារម្មណ៍ប្រជាពលរដ្ឋ និងមិនស្លាកលេខមិនមានកញ្ចក់មើលក្រោយ មិនពាក់មួកការពារសុវត្ថិភាពឲ្យឃាត់ទុកមិនអនុញ្ញាតឲ្យ ធ្វើចរាចរណ៍តាមផ្លូវសាធារណ:ឡើយ។

លោក ភុល ភស្តា បានបញ្ជាក់ថា តាមបទបញ្ជារបស់លោកស្នងការ បានចាត់វិធានការឲ្យឃាត់មធ្យោបាយ ដែលកែឆ្នៃខុសលក្ខណ:បច្ចេកទេសទាំងនេះ ជាការចូលរួមរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយមិនបានធ្វើការផាកពិន័យ ឬដាក់ទណ្ឌកម្មអ្វីឡើយ! គ្រាន់តែឲ្យសាមីខ្លួនដោះបំពង់ស៊ីម៉ាំងនោះចេញ ឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានា បំពាក់បរិក្ខារត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស រួចហើយអនុញ្ញាតឲ្យយកមធ្យោបាយទាំងនោះទៅប្រើប្រាស់វិញបាន៕

មតិយោបល់