ព័ត៌មានជាតិ

រថយន្តស្តារិច បុកគូទរថយន្តចតចោល២គ្រឿង និងបង្គោលភ្លើង រងការខូចខាត

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តស្តារិច ១គ្រឿងបោះពួយយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅ បុកពីក្រោយរថយន្តមួយគ្រឿង ដែលឈប់ចតចោលនៅលើចិញ្ចើមផ្លូវ និងរុញទៅផ្ទុបជាមួយបង្គោលភ្លើងមួយដើម បាក់រលំលើរថយន្តមួយគ្រឿងទៀត បង្កឲ្យមានការណ៍ភ្ញាក់ផ្អើល។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចជាប់និងខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៣ តាមបណ្ដោយផ្លូវ១៦៤ ស្ថិតក្នុងសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2280 ធ្វើដំណើរតាមបណ្ដាលផ្លូវ១៦៤ ក្នុងទិសដៅពីត្បូងទៅជើង ជាមួយល្បឿយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នក៏រេចង្កូតទៅខាងស្តាំ ជ្រុលទៅបុកពីក្រោយរថយន្ត១គ្រឿងម៉ាកស៊ុយស័រគី ពណ៌ខ្មៅ ពាក់ស្លាកលេខចង្កូតស្តាំ PP-1062 ដែលឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ រួចរុញទៅផ្ទុបនិងបង្គោលភ្លើងមួយដើមពេញទំហឹង បណ្តាលឲ្យបង្គោលភ្លើងបាក់ដួលរលំកាត់ទទឹងផ្លូវធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ និងបាក់ត្រូវរថយន្តមួយគ្រឿងទៀត ម៉ាកកាមរីប៉ោង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-1943 ដែលឈប់ចតស្ងៀមនៅខាងមុខ រថយន្តស៊ុយស័រគីខាងលើ រងការខូចខាតក្រពឹតផ្នែងខាង។

ចំណែកឯរថយន្តស៊ុយស័រគី បានរងការខូចខាតក្រពឹតផ្នែកខាងមុខ និងខាងក្រោយយស្ទើរទាំងស្រុង រីឯរថយន្តបង្ក បានរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកធ្វើការអន្តរាគមន៍ ទាក់ទងហៅសមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែង និងស្ទូចយករថយន្តទាំង៣គ្រឿង រួមទាំងនាំខ្លួនអ្នកបើកទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់