ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចម្នាក់ ត្រូវជនសង្ស័យស្ទុះចាប់ច្របាច់ក បណ្ដាលឲ្យរងរបួស

ភ្នំពេញ: នៅវេលាម៉ោង ៦និង២៥នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានករណីជនសង្ស័យម្នាក់ ស្ទុះចាប់ច្របាច់ក រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បណ្ដាលឲ្យរងរបួស ខណ:រត់ហាត់ប្រាណតាមបណ្ដោយសួនច្បារព្រះបរមរូបខាងកើត វិមានឯករាជ្យផ្លូវសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ មាស គន្ធា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ ឃួន រ៉ានីន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបររដ្ឋលេខាធិការក្រសួងសង្គមកិច្ច ស្នាក់នៅទីលំនៅផ្ទះលេខ៤៦៤ ផ្លូវលេខ៣៩០ ភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យ បានដើរមកពីក្រោយចាប់ច្របាច់ក បណ្ដាលឲ្យរងរបួសពកក្បាល និងកជើង រួចជនរងគ្រោះស្រែក
ឆោឡោហើយកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃើញក៏ធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខតែម្តង។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យកម្លាំងប៉ុស្តិ៍បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនបញ្ជាក់ឲ្យថា គឺវិជ្ជមាន (មានសារធាតុញៀននៅក្នុងទឹកនោម) និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់