ព័ត៌មានជាតិ

រថយន្តដឹកត្រីបើកកៀរគ្នា ជាមួយរថយន្តកាមរីគូទប៉ោង បណ្តាលឲ្យក្រឡាប់ចាក់ត្រីពេញផ្លូវ និងរបួសមនុស្ស ៣នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកត្រី និងរថយន្តកាមរីគូទប៉ោង បើកជេងគ្នា រហូតធ្វើឲ្យក្រឡាប់ផ្ងារជើងម្ខាង កំពប់ត្រីពេញផ្លូវ និងរងរបួសធ្ងន់៣នាក់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចក្បែរនឹងអធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកកាមរីគូទប៉ោង ពណ៌ស្លែ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-2417 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៥។ លុះមកដល់ចំណុចកើតហេតុ គឺរថយន្តម្ខាងទៀត ម៉ាកហ៊ីនយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-2680 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿនដូចគ្នា មិនប្រយ័ត្នទៅបុក រថយន្តធុនធំដឹកត្រី ធ្វើឲ្យរថយន្តភាគីទាំងសងខាង ក្រឡាប់ផ្ងារជើងម្ខាងឡើងលើ ដោយរថយន្តដឹកត្រីក្រឡាប់ផ្ងារជើង កំពប់ត្រីពេញផ្លូវ និងរងរបួសធ្ងន់៣នាក់។

ចំណែកម្ចាស់រថយន្តកាមរីគូទប៉ោងវិញ ទុករថយន្តចោល ហើយរត់គេច
ខ្លួនបាត់ស្រមោល ភ្លាមៗនោះ ក៏មានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែត បានដឹកជនរងគ្រោះ យកទៅព្យាបាលបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែង និងស្ទូចយករថយន្តទាំងពីរ គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់