ព័ត៌មានជាតិ

ជិតចូលរោងការហើយ ហេតុអីបែរជាអូនចាកចោលបង!

ភ្នំពេញ: នៅសល់៥ខែទៀត ចូលរោងការ ស្រាប់ខាងស្រីជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ចោលគូដណ្តឹង បន្ទាប់ពីនារីរងគ្រោះ ជិះម៉ូតូទៅលេងផ្ទះយាយនៅឯពោធិ៍ចិនតុង ត្រូវរថយន្តមិនចាំម៉ាកកៀរ បណ្តាលឲ្យដួល ហើយក៏មានរថយន្ត១គ្រឿងទៀត បើកស្របទិសគ្នាមកពីក្រោយ កិនស្លាប់ភ្លាមៗនៅនឹងកន្លែង រួចរថយន្តបង្កបើករត់បាត់ស្រមោល។

ហេតុការណ៍នេះ កើតនៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិ៤ មុខបុរីពិភពថ្មីកំបូល ស្ថិតភូមិគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរជួយលក់ដូរម្តាយ នៅផ្សារបែកចាន ស្នាក់នៅភូមិផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពពីកន្លែង បានឲ្យដឹងណា គេឃើញនារីរងគ្រោះ ជិះម៉ូតូតាមបណ្តោយផ្លូវជាតិ៤ ពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបើកមកទន្ទឹម ស្របទិសគ្នា កៀរនារីរងគ្រោះ បណ្ដាលឲ្យដួល ខណ:នោះគេឃើញ រថយន្តលុចស៊ីស RX330 ពណ៌ស មិនចាំស្លាកលេខ បើកមកក៏កិននារីរងគ្រោះ ចំក្បាល និងខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បើតាមសម្តពីបុរសជាគូដណ្តឹង បានឲ្យដឹងថា មុនពេលកើតហេតុ គឺនារីរងគ្រោះ បានប្រាប់ថា ទៅលេងផ្ទះយាយ នៅឯពោធិ៍ចិនតុង ក្រោយមកក៏មានគេទេប្រាប់ថា នារីរងគ្រោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ ក៏មានសាច់ញាតិ និងបុរសជាគូដណ្តឹង បានមកទីតាំងកើតហេតុ និងមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌ ចុះធ្វើកំណត់ហេតុរួច ក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់