ភ្នំពេញៈ កាលពីវេលាម៉ោង ២ និង ០០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជិះម៉ូតូឆក់ទូរសព្ទដៃ ត្រង់ចំណុចផ្លូវលេខ៥កែងផ្លូវលេខ១៣៦ ស្ថិតភូមិ៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សេង ម៉េង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទៅលំនៅមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ ឆេង ចន្នី ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅផ្ទះជួល សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបាន៖ ទូរសព្ទដៃចំនួន១គ្រឿងម៉ាក OppoF11 ពណ៌ខៀវ ជារបស់ជនរងគ្រោះ។
ដំណើររឿង៖ កាលពីវេលាកើតហេតុ ជនរងគ្រោះបានដើរចេញពីបារបរទេស យីហោ ខេន ឌី គោលបំណងទៅជួបមិត្តភ័ក្ដិ នៅក្បែរនោះ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ ០១គ្រឿងម៉ាក C125 ពណ៌ខ្មៅ មកពីក្រោយដោយជនសង្ស័យឈ្មោះ សេង ម៉េង បានធ្វើសកម្មភាពឆក់យកទូរសព្ទពីដៃជនរងគ្រោះសម្រេចហើយជិះម៉ូតូគេចខ្លួន ពេលនោះជនរងគ្រោះ ក៏ស្រែកឆោឡោឡើង ស្របពេលកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១កំពុងល្បាត ឃើញបានអន្តរាគមន៍ជិះម៉ូតូដេញតាមពីក្រោយ ហើយឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍នគរបាល រដ្ឋបាលផ្សារកណ្តាលទី១ដើម្បីធ្វើការសាកសួរ ចំណែកជនដង្ស័យម្នាក់ទៀតឈ្មោះ បូ ភេទ ប្រុសអាយុប្រហែល ២៣ ឆ្នាំ ដែលជាអ្នកបើកម៉ូតូបានជិះគេចខ្លួនបាត់។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕


មតិយោបល់