ព័ត៌មានជាតិ

ក្មេងទំនើងជាសិស្សសាលាច្រើននាក់ដែលបង្ហោះម៉ូតូ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ និងហៅឪពុកម្តាយមកធានា

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ឪពុកម្តាយ អាណាព្យាបាលខិតខំប្រឹងប្រែងរកចំណូលទោះភ្លៀង រងា ក្តៅយ៉ាងណា ក៏ដោយស៊ូទ្រាំលំបាកគ្រប់បែបយ៉ាង ដើម្បីទ្រទ្រង់ជីវភាពនិងសំរាប់ឧបត្ថម្ភដល់ការសិក្សារបស់កូនប្រុស ស្រី ទៅសាលារៀនយកចំណេះដឹង ដើម្បីកសាងជីវភាពគ្រួសាររបស់គេមានការរីកចម្រើន ។ប៉ុន្តែក៏មានកូនមួយចំនួនតូច ទន្ទឹមនឹងឪពុកម្តាយខិតខំរកប្រាក់ចិញ្ចឹមហើយនោះ បែរជាមិនខិតខំសិក្សារៀនសូត្រ បែរជានាំគ្នាគេចសាលា ទៅបង្ហោះម៉ូតូតាមទីសាធារណ: ដែលជាទង្វើមួយសង្គមគេស្អប់ខ្ពើម ។ជាក់ស្តែងនៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការពួនស្ទាក់បង្រ្កាបក្រុមក្មេងធ្វើសកម្មភាពបង្ហោះម៉ូតូ នៅលើផ្លូវជាតិលេខ៥៦ A ពីអាងម្កាក់ស្ថិតក្នុងភូមិម្កាក់ មកដល់ផ្លួវ៧មករា ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវនេះ ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ ក្នុងចំណោមក្មេងទំនើងទាំង៧នាក់នេះ គឺមានឈ្មោះ ខួច បូរី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិដីឡូដត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាអ្នកធ្វើសកម្មភាពបង្ហោះម៉ូតូ និង៦នាក់ផ្សេងទៀតជាអ្នកហែរហមនិ ងការពារក្រែងឈ្មោះ ខួច បូរី ដួលម៉ូតូទៅមិនឲ្យមានម៉ូតូឬឡានមកជាន់ ។អ្នកហែរហមទាំង៦នាក់នោះមានឈ្មោះ ឈួន ហាវ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិដីឡូត៍ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ, ឈ្មោះ ចាន់ ណារិទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ , ឈ្មោះ ចាន់ អារុណ ភេទប្រុស អាយុ១៦ឆ្នាំ, ឈ្មោះ រឿង សុធឿត ភេទប្រុស អាយុ១៦ឆ្នាំ ទាំង៣នាក់នេះនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ, ឈ្មោះ ញ៉ែម លឹមហុង ភេទប្រុស អាយុ១៥ឆ្នាំ, ឈ្មោះ អ៊ាម លីសៀង ភេទប្រុស អាយុ១៥ឆ្នាំ ទាំង២នាក់ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងដកហូតម៉ូតូធ្វើសកម្មភាពចំនួន៤គ្រឿង ។

លោកឧត្តមសេនីយ៍ត្រី អ៊ុន សំរិទ្ធ ស្នងការរងផែនការងារអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ៖ គួរណាស់តែប្អូនយកពេលវេលាដែលបង្ហោះម៉ូតូបង្កឲ្យមានការភ័យខ្លាចរបស់អ្នកដទៃ មកជួយកិច្ចការងារ ឪពុកម្តាយឬក៏រៀនសូត្រ បែរនាំគ្នាមិនគិតពីការខិតខំរបស់ឪពុកម្តាយដើម្បីកូន យកកិត្តិយសជាន់ឈ្លីចោល ។នេះគឺជាលើកទី១ តែកុំឲ្យមានជាលើកទី២ ប្រសិនបើមានសមត្ថកិច្ចនឹងអនុវត្តតាមច្បាប់។

ជាមួយគ្នានោះដែរ អាណាព្យាបាល ពួកគាត់មានការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើកូនៗរបស់គាត់ ដែលគាត់ខិតខំរកលុយ ឲ្យកូនរៀនសូត្របានចំណេះដឹង ដើម្បីកសាងអនាគតរបស់ពួកគេទៅថ្ងៃមុខ តែបែរជាពួកគេ យកពេលវេលាសិក្សាទៅបង្ហោះម៉ូតូ ប្រសិនបើសមត្ថកិច្ចមិនចាប់បានទេនោះ ពួកគាត់ក៏មិនបានដឹងពីសកម្មភាពរបស់កូនៗគាត់ដែរ ដឹងត្រឹមថាពួកគេមកសាលារៀនតែប៉ុណ្ណោះ៕

 

មតិយោបល់