ភ្នំពេញៈ ស្រ្តីម្នាក់ខ្ចីម៉ូតូគេទៅយកសោពីប្តី ពេលត្រលប់មកវិញ ត្រូវក្រុមជនសង្ស័យមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើយ ភ្ជង់យកម៉ូតូ និងខ្សែក បានសម្រេច កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ចម្ងាយប្រហែល២០០ ម៉ែត្រពីប៉ុស្តិ៍កាកាបទី២ ស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះឈ្មោះ សៀក ផាត អាយុ៤២ឆ្នាំ មុខរបរមេផ្ទះ មានប្តី ឈ្មោះ យ៉ុន បេ អាយុ៤៧ឆ្នាំ មុខរបរ លក់ទឹកកក នៅសង្កាត់ក្រាំងធ្នង់ មានកូនស្រី២នាក់ រស់នៅក្នុងភូមិកើតហេតុខាងលើ ។ ម៉ូតូដែលគាត់ជិះនោះ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ស្វាយរៀង 1G 7791 ត្រូវក្រុមជនសង្ស័យ ភ្ជង់ប្លន់រួមទាំងខ្សែ.ក មួយខ្សែមានទម្ងន់៣ជីកន្លះ រួចជិះគេចដោយសុវត្ថិភាព មិនញញើតដល់សមត្ថកិច្ចសូម្បីតែបន្តិច ។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលកាកាបទី២ ដើម្បីឲ្យសមត្ថកិច្ច ជួយស្វែងរកក្រុមប្លន់ ប្រដាប់អាវុធទាំងនោះ មកផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ មានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ជាក់ស្ដែងរឿងចោរប្លន់ព្រឹកនេះ នៅជិតប៉ុស្តិ៍កាកាបទី២ ចម្ងាយប្រហែលជា២០០ម៉ែត្រប៉ុណ្ណោះ ហាក់បីដូចជាជនសង្ស័យ មិនខ្លាចញញើតសមត្ថកិច្ចទាល់តែសោះ តើឲ្យពួកគាត់សង្ឃឹមលើអាជ្ញាធរយ៉ាងម៉េចទៅ គួរណាស់តែលោកមេប៉ុស្តិ៍កាកាបទី២ ដាក់វេនល្បាតឲ្យបានជាប្រចាំផង សង្ស័យតែរាល់ដង ជិះម៉ូតូចូលភូមិសង្កាត់ អង្គុយតាមម៉ាត ហើយមន្ត្រីនាំគ្នាថតរូប ធ្វើរបាយការណ៍ទៅថ្នាក់លើ ឲ្យតែល្អមើលទេដឹង ធាតុពិតនោះ ចុះតែក្បាលព្រលប់មួយភ្លែត រត់ចូលប៉ុស្តិ៍អស់ សំងំដេកចាំទទួលពាក្យបណ្ដឹងពីពលរដ្ឋ តើភូមិឃុំមានសុវត្ថិភាពយ៉ាងណាទៅ។
ជាងនេះទៅទៀត លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ គួរណាស់ជំរុញមន្ត្រីក្រោមឱវាទរបស់លោកផង កុំបណ្ដែតបណ្ដោយ ឲ្យមានបញ្ហាខាងលើនេះតទៀត គួររកវិធីសាស្ត្រទប់ស្កាត់ ឲ្យពលរដ្ឋរស់នៅមានភាពកក់ក្ដៅទៅលើអាជ្ញាធរ មិនគួរឲ្យពួកគាត់រិះគន់ជារឿងដដែលៗពេកទេ៕






មតិយោបល់