សមត្ថកិច្ចឃាត់ខ្លួនមេក្លោងម្នាក់ ជាជនជាតិនីស្សេរីយ៉ា និងបក្ខពួកចំនួន ៥នាក់ ករណីនាំគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅវៀតណាម

ស្វាយរៀងៈ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងដោយមានការចង្អុលណែនាំពីលោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំប្រតិបត្តិការផ្ទាល់ពីលោក វរសេនីយ៍ឯក កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងក្រោមការ សម្របសម្រួលនីតិវិធីពីលោក គង់ ចន្ទ័ខេមរិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅចំណុចភូមិបាវិតកណ្តាល សង្កាត់/ក្រុងបាវិត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត បានស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាជនសង្ស័យ ដែលជាអ្នកទទួលបញ្ញើរឥវ៉ាន់តាមរថយន្តក្រុងដឹកអ្នក ដំណើរចំនួន ២នាក់ ប្រុស រឹបអូសវត្ថុតាងថ្នាំញៀន (ជាប្រភេទមេតំហ្វេតាមីន)ចំនួន ៤កញ្ចប់ ធំទម្ងន់ ៤គីឡូក្រាម (បង្កប់លាក់ទុកក្នុងធុងបាស់កេះឥវ៉ាន់) បំរ៉ុងនាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ មកធ្វើការសាកសួរ និងដោយមានកិច្ចសហការដ៏ល្អជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងឯកឧត្តមឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ (មេក្លោងម្នាក់ប្រុស ជនជាតិនីស្សេរីយ៉ា និងបក្ខពួកចំនួន ២នាក់ ស្រី ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ ស្រី ២នាក់ ព្រមជាមួយថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ៤គីឡូក្រាម វត្ថុតាងពាក់ព័ន្ធមួយចំនួន ត្រូវបានកម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចាត់ការបន្តតាមច្បាប់៕

មតិយោបល់