ព័ត៌មានជាតិ

Update៖ ជួញគ្រឿងញៀនទ្រង់ទ្រាយធំ ឆ្លងដែនពីថៃមកកម្ពុជា មិនសម្រេចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន រឹបអូសថ្នាំមេតំហ្វេតាមីន (ICE) ចំនួន២០ដុំធំ

ព្រះវិហារ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២ និង២២នាទី កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោករវសេនីយ៍ទោ ជា សំអឿន នាយរងការិយាល័យក១ ចូលរួមសហការ ពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្របសម្រួលដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន (ពីថៃមកកម្ពុជាឆ្លងកាត់តាមច្រកអានសេះ) នៅចំណុចដំណាក់សេមាន់ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិន និស្សា ហៅខូច ភេទប្រុស ជនជាតិខ្មែរ អាយុ២៤ឆ្នាំ រឹបអូសវត្ថុតាងសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន២០ដុំធំ ស្មើទម្ងន់ប្រមាណ២០គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្តទៅតុលាការតាមនីតិវិធី៕

មតិយោបល់