បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញបណ្តាញសង្គម បានឲ្យដឹងថាបុរសម្នាក់ទៅស៊ីឈ្នួលដាំឪឡឹកឲ្យគេ នៅពេលបាយបានឆ្លៀតទៅបង់ត្រី ហើយលង់ទឹកអាងស្លាប់ នៅខាងលិចភូមិ ១,០០០ម៉ែត្រ ស្ថិតក្នុងភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ឈ្លឿម ឌួង ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិថ្មីត្បូង ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះ និងប្រពន្ធ ព្រមទាំងអ្នកជិតខាង បាននាំគ្នាទៅស៊ី ឈ្នួលដាំណាំឪឡឹកឲ្យគេនៅភូមិស្រែល្អ ឃុំគោករមៀត លុះដល់ពេលហូបបាយ ពួកគេនាំគ្នាហូបបាយ ចំណែកជនរងគ្រោះឈ្មោះ ឌួង បានយកសំណាញ់ទៅបង់ត្រីនៅប្រឡាយក្រោមអាងទឹកស្រែល្អក្បែរចំការម្នាក់ឯង រហូតដល់ម៉ោង២រសៀលមិនឃើញត្រឡប់មកវិញ ក៏នាំគ្នាដើរទៅរកឃើញមួកអណ្តែតក្នុងប្រឡាយ ដោយមានការសង្ស័យក៏នាំគ្នាចុះរាវរកក៏ប្រទះឃើញមនុស្សនៅក្នុងទឹកប្រឡាយហើយក៏នាំគ្នាស្រង់មកលើគោក ។តែដោយមិនអស់ចិត្តថាមិនទាន់ស្លាប់ក៏នាំគ្នាដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ពេលដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ។ក្រោយពីពិនិត្យរួចសពជនរងគ្រោះបាន ប្រគល់ជូនក្រុមគ្រួសារចាត់ចែធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់