ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន ជ្រុលឡើងខឿនសួនច្បារមាត់ទន្លេ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បុរសជាតៃកុងរថយន្តម្នាក់ បន្ទាប់ពីបើករថយន្តជូនថៅកែទៅផ្ទះ ចូលទៅជួបជុំមិត្តភក្ដិផឹកស៊ី លុះដល់ស្រវឹងបើករថយន្តលឿនមិនប្រយ័ត្ន ជ្រុលឡើងខឿនសួនច្បារមាត់ទន្លេ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយមហាវិថី ព្រះស៊ីសុវត្ថិ កែងនឹងផ្លូវ១១៨ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុម៉ាក BMW520i ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-7826 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៨ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។ លុះមកដល់ផ្លូវបំបែកកែងនឹងមហាវិថីព្រះស៊ីសុវត្ថិរថយន្ដនេះ បានឡើងខឿនសួនច្បារមាត់ទន្លេ កន្លែងពលរដ្ឋនាំគ្នាអង្គុយលេង បណ្តាលឲ្យភ័យស្លន់ស្លោរ ។ រថយន្តបង្កបន្តទៅដល់មាត់ច្រាំងទន្លេ ទើបអស់ល្បឿនទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំផងដែរ ។ ករណីនេះបន្ទាប់ពីតៃកុងរថយន្តបង្ក បើករថយន្តជូនថៅកែខ្លួនទៅផ្ទះ លុះពេលបើកត្រលប់មកវិញក៏ឆ្លៀតទៅជួបជុំមិត្តភក្ដិផឹកស៊ីបន្តិចបន្តួច ហើយពេលបើកបររថយន្ត ក៏ងោកមួយភាំងជ្រុលចង្កូត ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យមើលកន្លែងកើតហេតុ ដោយខឿនសួនច្បារមិនមានរងការខូចខាត និងមិនបង្កឲ្យមនុស្សរងរបួស សមត្ថកិច្ចអនុញ្ញាតឲ្យតៃកុងយករថយន្តទៅជួសជុល ៕

មតិយោបល់