ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តដឹកអ្នកដំណើរក្រុមហ៊ុន រស្មីភ្នំពេញអ៊ិចប្រេស បើកលឿនដូចហោះបុកពេញទំហឹង បណ្ដាលឲ្យស្លាប់មួយរំពេច

កំពង់ធំ: នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរថយន្តក្រុងបុកជាមួយម៉ូតូ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១១២-១១៣ ស្ថិតភូមិជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ហុងដាគុប សេ៥០ ពណ៌បៃតង គ្មានស្លាកលេខ បើកបរដោយឈ្មោះ កែវ ថា ភេទប្រុស អាយុ ៦២ ឆ្នាំ មុខរបរកសិក រស់នៅភូមិត្នោត ឃុំទៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មកដល់ចំណុចខាងលើ ធ្វើការបត់ឆ្វេងឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តម៉ាក ហ៊ិនដាយ ដឹកអ្នកដំណើររបស់ក្រុមហ៊ុនរស្មីភ្នំពេញអ៊ិចប្រេស ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 3D-2537 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរក្នុងល្បឿនលឿនបុកពេញទំហឹង បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់