ព័ត៌មានជាតិ

គ្រាន់តែតែងតាំងអធិការខណ្ឌពោធិ៍សែនជ័យថ្មីភ្លាម លោកចោរ ឆក់កាបូបពីស្ត្រីម្នាក់ ចង់សាកសមត្ថភាពមើល….

ភ្នំពេញៈ ស្ត្រីម្នាក់រៀបនឹងឡើងជិះម៉ូតូកង់បីទៅហើយ ស្រាប់តែមានក្រុមចោរមានគ្នា២នាក់ មកធ្វើសកម្មភាព ឆក់យកកាបូបបានសម្រេច រួចគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់មានគ្នាពីរនាក់ ឈរនៅចំណុចកើតហេតុ ហើយក៏បានដកទូរស័ព្ទ តេហៅកង់បីមកជិះ ខណៈដែលគាត់ទាំងពីរនាក់ រៀបនឹងឡើងជិះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៩ មិនចាំស្លាកលេខ មកធ្វើសកម្មភាព ឆក់កាបូបលុយ ដែលរូបគាត់ កាន់ជាប់និងដៃបានសម្រេច រួចគេចខ្លួនបាត់ស្រមោល ។

ប្រភពដដែល បានបន្តថា ក្រោយពីចោរឆក់ភ្លាម គាត់បានស្រែកឆោឡោ ឲ្យគេជួយតែគ្មានអ្នកអើពើទាល់តែសោះ បែរជាលេចមុខយុវជនម្នាក់ មកប្រាប់គាត់ថា អ៊ុស្រែកធ្វើអី បើចោរឆក់ទៅបាត់ហើយហ្នឹង! តែគាត់មិនខ្វល់ នៅតែបន្តស្រែក មួយសន្ទុះមក ទើបមានសមត្ថកិច្ចមូលដ្ឋាន ចុះមកសួរនាំ ។
ហេតុការណ៍ខាងលើនេះ ស្ត្រីរងគ្រោះ បានដាក់ការសង្ស័យ ទៅលើយុវជនខាងលើថា ជាអ្នកបិតគូទក្រុមឆក់ផង។

សម្ភារៈបាត់បង់ក្នុងកាបូប៖ មានលុយជាង៨០ម៉ឺនរៀល និងរបស់របរមួយចំនួន ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចនាំយុវជនខាងលើ និងជនរងគ្រោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី១ ដើម្បីសួរនាំបន្ត នឹងឲ្យរងគ្រោះដាក់ពាក្យបណ្ដឹង។

សូមបញ្ជាក់៖ ករណីខាងលើនេះ ក្នុងខណ្ឌពោធិ៍សែនជ័យ ហាក់បីដូចជាមិនថមថយបទល្មើសសោះ នៅតែមានសកម្មភាពឆក់ គាស់ផ្ទះពលរដ្ឋ ខណៈដែលទើបតែមានការតែងតាំងអធិការថ្មី ដោយពលរដ្ឋ កំពុងរង់ចាំមើលស្នាដៃថា តើលោកអធិការ អាចមានសមត្ថភាពបង្ក្រាប បទល្មើសក្នុងមូលដ្ឋាន បានដែរឬយ៉ាងណា ព្រោះពួកគាត់ ចង់ឲ្យលោក មានចំណាត់ការដូចមេឃរលឹម កុំធ្វើតែមួយភ្លែត ហើយបាត់ឈឹង៕

មតិយោបល់