កំពង់ស្ពឺៈ កាលពីល្ងាចថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ១៤៣ ក្នុងភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្ត មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកម៉ូតូ និងកិន បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ជនរងគ្រោះឈ្មោះ អ៊ុង សុភាព ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់ ជិះម៉ូតូ ១គ្រឿងម្នាក់ឯង ម៉ាកហុងសេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-8412 ធ្វើដំណើរពីត្បូងទៅជើង។ មកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ត១គ្រឿង ម៉ាក ហ្គ្រេន៍តូ (GRATO) ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរពីត្បួងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបុកម៉ូតូពីក្រោយពេញទំហឹង រួចកិនអ្នកជិះម៉ូតូ បណ្ដាលឲ្យស្លាប់មួយរំពេចតែម្តង។
ភ្លាមៗនោះ អ្នកបើករថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រង់ចាំដោះស្រាយតាមនិតីវិធី។ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់