ភ្នំពេញៈ អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា អគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី នឹងបង្កើនឲ្យអស់ពីសមត្ថភាពអនុវត្តតាមខ្លឹមសារអនុសារណ ការផ្លាស់ប្តូរព័ត៌មានសន្តិសុខ ព័ត៌មានបទឧក្រិដ្ឋឆ្លងដែន ដើម្បីជួយគ្នាទៅវិញមក និងដោះស្រាយសភាពការណ៍ និងសហការទប់ស្កាត់បទល្មើសឆ្លងដែនទាំងនោះ។
ថ្លែងដោយមន្ត្រីជាន់ខ្ពស់ នគរបាលជាតិកម្ពុជាបែបនេះ គ្រាលដែលអគ្គស្នងការនគរបាលកម្ពុជា នាយឧត្តមសេនីយ នេត សាវឿន និងអគ្គស្នងការនគរបាលសហព័ន្ធអូស្តា្រលី លោក Andrew Colvin AOM កាលពីព្រឹកថ្ងៃទី១ មិថុនា ២០១៦ បានបន្តចុះហត្ថលេខាលើអនុសារណៈព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការបង្រា្កបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសគ្រឿងញៀន។
បើតាមលោក គៀត ច័ន្ធថារិទ្ធ ថា ក្នុជំនួបនោះដែរ នគរបាលអូស្រ្តាលី បានសិក្សាពិចារណាជួយដល់អង្គភាពថ្មីមួយទៀត គឺនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដែលអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ទើបនឹងបង្កើតនាពេលកន្លងមកនេះ ហើយតាមរយៈនៃការជួយនោះ គឺភាគីអូស្ត្រាលី នឹងចាត់នគរបាលជំនាញរបស់អូស្ត្រាលីមកធ្វើការជាមួយនគរបាលកម្ពុជា៕
មតិយោបល់