ភ្នំពេញៈ មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីតារាសម្ដែង និងជាតារាចម្រៀងនាង អ៊ុន អាលីហ្សា ត្រូវបានទម្លាយថា បានធ្លាក់សម្ភាសន៍ក្នុងការចេញសម្ដែងនៅប្រទេសកាណាដា។ ការចាប់អារម្មណ៍ដែលបានកើតឡើងនោះ គឺបន្ទាប់ពីនាងត្រូវគេដឹងថា បានសម្រេចចិត្តដកខ្លួនមិនធ្វើតួឯកក្នុងរឿង«ហង្សបាក់ស្លាប»របស់ប៉ុស្ដិ៍លេខ៥ ព្រោះតែចង់ទៅសម្ដែងនៅកាណាដា រយៈពេល២ខែ ប៉ុន្តែចុងក្រោយបែរជាធ្លាក់សម្ភាសន៍ទាំងគ្មានអ្នកណាជឿ។
លោកអែនឌី ដែលត្រូវចេញសម្ដែងនៅថ្ងៃទី៦ សីហា នៅក្នុងប្រទេសកាណាដានេះ បានអះអាងថា រូបលោក និងកញ្ញាអាលីហ្សា ត្រូវបានសមាគមខ្មែរនៅក្នុងប្រទេសកាណាដាទាក់ទងឲ្យចេញសម្ដែងរយៈពេល២ខែនៅក្នុងប្រទេសនោះជាមួយ។ ប៉ុន្តែក្រោយការឆ្លងកាត់ការសម្ភាសន៍មួយលើកជាពីរលើក គឺ លទ្ធផលចុងក្រោយបានជាប់តែលោកម្នាក់ឯងប៉ុណ្ណោះ ទើបលោកត្រូវចេញដំណើរទៅច្រៀងនៅទីនោះដោយគ្មានដៃគូតាមការគ្រោងទុក។ លោកថា អាលីហ្សា បានធ្លាក់សម្ភាសន៍ព្រោះតែខ្វះឯកសារទើបបណ្ដាលឲ្យនាងភ្លាត់ធ្លាក់ ហើយលោកក៏មានអារម្មណ៍សោកស្ដាយណាស់ដែរ ដែលនាងសុខចិត្តមិនសម្ដែងនៅប៉ុស្ដិ៍លេខក្នុងតំណែងតួឯក ប៉ុន្តែចុងក្រោយបែរជាធ្លាក់គម្រោងទៅច្រៀងនៅប្រទេសកាណាដាដែលលោកក៏សឹងតែមិនជឿដែរ។
លោកនិយាយថា«គម្រោងទៅកាណាដាហ្នឹង ខ្ញុំត្រូវទៅជាមួយអាលីហ្សា ប៉ុន្តែខាងទូតថា អាលីហ្សាខ្វះឯកសារទើបអត់ឲ្យជាប់ ដល់ចឹងខ្ញុំទៅសម្ដែងនៅថ្ងៃទី៦(សីហា)ហ្នឹង គឺទៅតែម្នាក់ឯងទេ!»។ លោកថាអាលីហ្សាមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ដោយសារតែនាងមិនខុសពីតារាដែលស៊យត្រីរ៉ស់ក៏រួច ទន្សាយក៏រួច ក្នុងពេលដែលនាងមិនធ្លាប់បានទទួលតំណែងតួឯកទាល់តែសោះ តែក្នុងពេលបានជាប់តួឯកក្រោមការធ្វើតេស្ដរបស់ផលិតករនៅប៉ុស្ដិ៍លេខ៥ បែរជាមានគម្រោងចេញសម្ដែងនៅកាណាដាមកកាត់មុខ ធ្វើឲ្យនាងរារែក។
អាលីហ្សា ធ្លាប់បានបញ្ជាក់ថា ក្រោយពេលដែលនាងបានធ្វើតេស្ដជាប់ជាតួឯកក្នុងរឿង«ហង្សបាក់ស្លាប» ស្រាប់តែគម្រោងដែលគេបានស្នើឲ្យចេញសម្ដែងនៅក្នុងប្រទេសកាដាណាក៏ត្រូវទម្លាក់មក។ ដោយសារតែការចាត់ចែងរបស់អ្នកធានាមានភាពច្បាស់លាស់ ទើបនាងសម្រេចចិត្តសុំឈប់ពីប៉ុស្ដិ៍លេខ៥ រហូតធ្វើឲ្យនៅប៉ុស្ដិ៍លេខ៥ត្រូវបង្ខំដូរតួក្នុងភាពប្រផាប់ប្រភីង។ នៅក្នុងពេលនោះគេឃើញអ្នកចាត់ចែងតួក្នុងរឿង«ហង្សបាក់ស្លាប» ស្រវេស្រវារកតួជំនួសយ៉ាងលំបាក ដោយសារតែអាលីហ្សាប្រកាសសុំផ្អាកក្នុងពេលដែលរឿងទាំងមូលដល់ថ្ងៃចេញថត។តារាស្រីៗជាច្រើនត្រូវប្រជែងគ្នាជំនួសតំណែងនេះ ហើយចុងក្រោយនៃកិច្ចសម្ភាសន៍ គឺកញ្ញា ដួង ម៉ានិច ត្រូវបានភាគីថៃជ្រើសឲ្យលេងតួឯកជំនួសការដកខ្លួនរបស់នាង។ អ៊ីចឹងហើយ ទើបដំណឹងធ្លាក់សម្ភាសន៍ក្នុងគម្រោងទៅសម្ដែងនៅកាណាដារបស់អាលីហ្សា ធ្វើឲ្យម្នាក់ៗសុទ្ធតែមានការភ្ញាក់ផ្អើល ដោយសារតែនាងត្រីរ៉ស់ក៏រួចទន្សាយក៏រួច មិនខុសពីសំណាងក្លាយជាស៊យ។ យ៉ាងណាក៏ពាក់ព័ន្ធនឹងបញ្ហានេះ អាលីហ្សាមិនទាន់បញ្ជាក់ឲ្យដឹងពីអារម្មណ៍ក្រោយការធ្លាក់សម្ភាសន៍ទៅកាណាដានេះទេ ក្នុងពេលដែលនាងក៏មិនទាន់ចង់បកស្រាយ៕










មតិយោបល់