ព័ត៌មានជាតិ

រថយន្តកៀរម៉ូតូបណ្ដាលស្រ្តីម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ: ស្ត្រីម្នាក់បានស្លាប់ និងបុរសម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកៀរប៉ះដៃចង្កូតម៉ូតូ កាលពីវេលាម៉ោង ១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្លូវចូលពន្ធនាគារ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ស្ត្រីដែលស្លាប់ឈ្មោះ អ៊ិត វី អាយុ ៦០ឆ្នាំ រស់នៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បុរសដែលរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណ ដោយគាត់និយាយមិនទាន់ចេញ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកហ៊ីណូ ពណ៌ខៀវ សណ្តោងរ៉ឺម៉ក ដឹកកុងតឺន័រ ពាក់ស្លាកព្រះសីហនុ 3A-1728 ​ធ្វើដំណើរពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S 6230 ​បើកបរក្នុងទិសដៅពីត្បូងឆ្លងផ្លូវបត់ឆ្វេងទៅទិសខាងលិច បណ្តាលរថយន្តកៀរប៉ះនឹងដៃចង្កូតដួល ស្ត្រីដែលរួមដំណើរមិនបានពាក់មួកសុវត្ថិភាពបោកក្បាលស្លាប់ អ្នកបើកបររងរបួសស្រាល។ សពជនរងគ្រោះត្រូវនគរបាលជំនាញចរាចរណ៍ ដឹកយកទៅប្រគល់ជូនក្រុមគ្រួសារដល់គេហដ្ឋាន នៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ បង្កឲ្យមានគ្រោះថ្នាក់ អ្នកបើកម៉ូតូឆ្លងផ្លូវបត់ឆ្វេង មិនបានប្រយ័ត្ន។ ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ វត្ថុតាងម៉ូតូ និងរថយន្ត យកទៅរក្សាទុកនៅស្នងការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់