ព័ត៌មានជាតិ

ជនបរទេសប្រុសស្រី ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួច និងឆបោក

សៀមរាប: កាលពីវេលាម៉ោង ១៦និង០៥នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលជនបរទេស ០២នាក់ ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

នគរបាលអន្តោប្រវេសន្ត បានឲ្យដឹងថា ជនបរទេសទាំង ០២នាក់នេះ មាន ១-ឈ្មោះ LIU FENG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ចិន ពាក់ព័ន្ធនឹងករណីអំពើលួច មានស្ថានទម្ងន់ទោស (យកទ្រព្យសម្បត្តិ-ប្រើហិង្សា) ប្រព្រឹត្តិកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និង២-ឈ្មោះ RAMIREZ ANGELITA SALVADOR ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិ ហ្វីលីពីន ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ ប្រព្រឹត្តិកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្នជនបរទេសទាំង ០២នាក់នេះ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់