បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា លោកតាវ័យចំណាស់អាយុ៧០ម្នាក់ បានរងរបួសធ្ងន់បាក់ស្មងជើងខាងស្តាំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិ ក្នុងឃុំទានកាំ មុខដីស្រែរបស់ឈ្មោះគឺ ឈួរ ស្ថិតក្នុងភូមិទានកាំ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ គុង សារួន ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិទានកាំខាងត្បូង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីមធុន C១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D 6172 (មិនពាក់មួកសុវត្ថិភាព) ។
លោកអធិការបានបន្តថា ៖ នៅមុនពេលកើតហេតុ មានត្រាក់ទ័រ១គ្រឿង ម៉ាកYANMA ពណ៌ក្រហម មានប៉ែលមុខ សណ្តោងរ៉ឺម៉ក ដឹកម៉ាស៊ីនច្រូតស្រូវ បើកបរដោយឈ្មោះ ឈួម សាក់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរមកពីទិសខាងជើង ទៅទិសខាងត្បូង ក្រៅទីប្រជុំជន ពេលមកដល់ចំណុចកើតហេតុខាងលើ ត្រាក់ទ័របានដាច់កាឡេ ជាប់គាំងចង្កូតរេមកខាងឆ្វេងដៃ ខណៈនោះស្រាប់តែមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D 6172 បើកបរដោយឈ្មោះ គុង សារួន ក្នុងទិសដៅស្របគ្នា បានឡើងជែងនឹងត្រាក់ទរ័ ដែលកំពុងបើកបរនៅខាងមុខ ទើបបណ្តាលអោយបុកចំចុងប៉ែលខាងឆ្វេងត្រាក់ទ័រ បណ្តាលឲ្យរងរបួសធ្ងន់ បាក់ស្មងជើងខាងស្តាំ ត្រូវបាននគរបាលហៅរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ ដឹកយកទៅសង្រ្គោះ ចំណែកអ្នកបើកបរត្រាក់ទ័របានរត់គេចខ្លួនបាត់។
អធិការនគរបាលស្រុកព្រះនេត្រព្រះ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា ៖ ករណីគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើកបរត្រាក់ទ័រមុននឹងបើកបរ ខ្វះការត្រួតពិនិត្យយានយន្តរបស់ខ្លួន ។ បច្ចុប្បន្នវត្ថុតាងត្រាក់ទ័រ និងម៉ូតូ នគរបាលជំនាញចរាចរណ៍ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕










មតិយោបល់