ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួច នៅមុខផ្សារ AEON ត្រូវម្ចាស់តាមទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ កាលពីវេលាម៉ោង ៧ និង ២០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ពាក់ព័ន្ធករណីលួចទូរសព្ទ ត្រង់ចំណុចមុខផ្សារអីអន លើផ្លូវសុធារស ស្ថិតភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សេង ស្រីហេង ភេទស្រី អាយុ ៣៥ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ បាន វាសនា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរបុគ្គលិកខុនដូដឺព្រីត ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ១៣ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

វត្ថុតាងដកហូតបាន៖ ទូរសព្ទដៃ២គ្រឿងម៉ាក OPPO និង SAMSUNG។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅផ្សារអ៊ីអន ខណៈមកដល់ជនរងគ្រោះ ក៏យកកាបូបស្ពាយរបស់ប្រពន្ធ ពណ៌ផ្កាឈូក មកស្ពាយពាក់ឈាង ហើយដើរទៅរកអីហូប នៅក្នុងផ្សារជាន់ផ្ទាល់ដី បន្ទាប់មកស្រាប់តែមានអារម្មណ៍ថាស្រាលកាបូប ពេលបើកមើលឃើញបាត់ទូរស័ព្ទ២គ្រឿង ភ្លាមនោះជនរងគ្រោះ ក្រឡេកឃើញជនសង្ស័យ កំពុងយកទូរស័ព្ទដាក់កាបូប ក៏ស្ទុះទៅមើលទើបដឹងថា ជារបស់ខ្លួន ហើយបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យតែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការសាកសួរ ព្រមទាំងកសាងសុំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់